ព័ត៌មានជាតិ

ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ នៅស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា មានការឃុបឃិតគ្នា ជាប្រព័ន្ធ

កំពង់ចាម: គម្រោងដាក់ឲ្យដេញថ្លៃ សម្រាប់កិច្ចសន្យាការងារសាងសង់ ផ្លូវបេតុង អារមេចំនួន ២ខ្សែ របស់ក្រុមប្រឹក្សាឃុំកៀនជ្រៃ និងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៧ មេសា ២០១៦នេះ ត្រូវបានគេមើលឃើញថា មិនមានតម្លាភាពឡើយ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីទាញយកលុយគម្រោង ចែកគ្នាចាយ ទៀតផង។

ដែលផ្លូវបេតុង អារមេ ១ខ្សែ នៅក្នុង ឃុំកៀនជ្រៃ មានប្រវែង ១៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់ឲ្យដេញថ្លៃ គឺមានចំនួន ៥៣,២៨៥,៨០០រៀល ហើយត្រូវរ៉ូវគ្នា ក្នុងតម្លៃខ្ពស់បំផុត គឺ ៥២,២០០,០០០រៀល។ ចំណែកផ្លូវបេតុង អារមេ ១ខ្សែទៀត នៅក្នុងឃុំរអាង មានប្រវែង ១៩៥ម៉ែត្រ ទទឹង ៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់ឲ្យដេញថ្លៃ គឺមានចំនួន ៧២,៤០០,៦០០រៀល ហើយត្រូវរ៉ូវគ្នា ក្នុងតម្លៃខ្ពស់បំផុត គឺ ៧១,០០០,០០០រៀល។

ការដេញថ្លៃរបស់គម្រោងខាងលើនេះ ត្រូវបានគេមើលឃើញថា មិនមានភាពសុក្រឹត និងយុត្តិធម៌នោះទេ ព្រោះក្រុមហ៊ុន ដែលបានមកដេញថ្លៃ មានគ្នាជាង ៣០នាក់ មុខដដែលៗ នៅរង់ចាំទទួលប្រាក់ទឹកតែ ហើយអ្នកដែលដាក់ប៊ិត ឯកសារដេញថ្លៃ ចូលទៅក្នុងប្រអប់ដាក់ឲ្យដេញថ្លៃ មានគ្នាតែ ៣នាក់ប៉ុណ្ណោះ ក្នុង ១គម្រោង។ នៅមុនពេល ចូលទៅធ្វើការដេញថ្លៃ ពួកគេបាននាំគ្នាធ្វើការចរចារគ្នា នៅខាងមុខសាលាឃុំ ដើម្បីធ្វើយ៉ាងណាទាញយកទឹកប្រាក់ របស់គម្រោងនេះឲ្យបានតម្លៃខ្ពស់ នៅពេលដែលដេញថ្លៃបានសម្រេចហើយ ពួកគេបាននាំគ្នាទៅចែកលុយគ្នា ផឹកស៊ីយ៉ាងសប្បាយចិត្ត។

ទោះបីជាយ៉ាងណាក្តី គណ:កម្មការរបស់គម្រោង និងក្រុមព្រឹក្សាឃុំ ដែលមានវត្តមាននៅទីនោះ ធ្វើជាមើលមិនឃើញ មិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋនៅក្នុងតំបន់របស់គម្រោងសាងសង់ បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំស្រុកខេត្ត គួរតែដាក់កម្លាំងឲ្យចុះទៅត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ នូវរាល់គម្រោង ដែលដាក់ឲ្យដេញថ្លៃនេះផង ព្រោះលុយគម្រោងសម្រាប់សាងសង់ទាំងនេះ ក៏ជាលុយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផងដែរ៕

photo_2016-04-27_19-42-06 photo_2016-04-27_19-42-08 photo_2016-04-27_19-42-22 photo_2016-04-27_19-42-26 photo_2016-04-27_19-42-29 photo_2016-04-27_19-42-35 photo_2016-04-27_19-42-40 photo_2016-04-27_19-42-43 photo_2016-04-27_19-42-47 photo_2016-04-27_19-42-50 photo_2016-04-27_19-42-53

មតិយោបល់