ព័ត៌មានជាតិ

អាវុធហត្ថស្រុកចឹត្របូរី ដេញបង្ក្រាបរថយន្តដឹកឈើបានទាំងព្រឹក

ក្រចេះ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចឹត្រ បូរី ធ្វើការដេញ​តាម​បង្ក្រាបបាន ទាំងព្រឹកព្រលឹម ខណ:ដែលរថយន្តដឹកឈើខាងលើនេះអស់សាំងទៅមុខលែងរួច ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច អន្ទ្រីក្រហម ឃុំថ្មគ្រែ ស្រុកចឹត្របូរី ខេត្តក្រចេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៨ ខែតុលានេះ គេឃើញរថយន្ដខាងលើ ដឹកឈើពេញព្រៀបលើក្នុងរថយន្ត បើកបរក្នុងល្បឿនដូចហោះ តាមបណ្តោយផ្លូវជាតិលេខ៧៦អា ទិសដៅ ពីជើងទៅត្បួង ដោយចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ គោលដៅទៅប្រទេសវៀតណាម លុះបានមកដល់ចំណុច ដីសម្បទានសង្គមកិច្ច អន្ទ្រីក្រហម ស្រាប់តែរថយន្តខាងលើនេះ អស់សាំងទៅមុខលែងរួច ស្របពេលដែលអ្នកសារព័ត៌មាន រួមទាំងអង្គការមួយក្រុមកំពុងដើរល្បាតតាមដងផ្លូវ បានប្រទះឃើញក៏រាយការណ៍ទៅកាន់អាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងពេលនោះដែរ អាវុធហត្ថលើផ្ទៃប្រទេសក៏បានបញ្ជាឲ្យទៅកម្លាំងកងរាជអាវុធហត្ថស្រុកចឹត្របូរី ដែលដឹកនាំ ដោយលោក អឹង ចិត្រា ចុះទៅដល់កន្លែងកើតហេតុ ចាប់បានទាំងតៃកុងរថយន្ដ និងថៅកែឈ្មោះ ធា បាក់ ដែលជាបងបង្កើតរបស់ឈ្មោះ ធី បាញ់ រួមទាំងរថយន្ដដឹកឈើប្រណិតពេញព្រៀបតែម្តង ។

បច្ចុប្បន្នមនុស្សរួមនឹងវត្ថុតាង ត្រូវបានអាវុធហត្ថអូសយកមកចូលកាន់ទីបញ្ជាការមូលដ្ឋានស្រុកចឹត្របូរី ដើម្បីកសាងសំណុំរឿងបន្ត តាមនិតិវិធីច្បាប់ ៕

មតិយោបល់