ភ្នំពេញៈ រដូវវស្សាមេឃភ្លៀងតិចច្រើនតាមតំបន់នានាក្នុងប្រទេសកម្ពុជា តាមទីជនបទដាច់ស្រយ៉ាល វាលទំនាប វាលស្រែចម្ដារ មានការលិចលង់តាមដងផ្លូវ ផ្លូវខ្លះមានបញ្ហាបន្តិចបន្តួច ផ្លូវខ្លះទៀតមិនអាចធ្វើចរាចរបានទាល់តែមានទូកចម្លង។
ដោយឡែកក្នុងរាជធានីភ្នំពេញតាមដងផ្លូវមានការអភិវឌ្ឍន៍ ដោយបានផ្លាស់ប្តូរប្រព័ន្ធលូតូចមកលូធំៗជាង៩០ភាគរយ និងស្ទើរគ្រប់ខណ្ឌទាំង១២ ដើម្បីរំដោះទឹកភ្លៀងក្នុងរដូវវស្សាបូករួមទាំងការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
ប៉ុន្តែនៅផ្លូវបេតុងមួយខ្សែជាប់ហាងនំបុ័ងបាយ័ន្តស្ទឹងមានជ័យ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រាល់ពេលភ្លៀងម្តងៗតែងតែជន់លិចរាប់សិបម៉ោងទើបស្រកអស់ បង្កផលពិបាកដល់ប្រជាពលរដ្ឋសព្វបែបយ៉ាងចំពោះការរស់នៅប្រចាំថ្ងៃ ដូចឃើញក្នុងរូបភាពក្មេងៗអាចហែលលេងទឹកបានដោយមិនចាំបាច់ទៅលេងនៅសួនទឹកកម្សាន្តអស់ថវិកាឡើយ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញបញ្ហាផ្លូវបេតុងនេះ បានសំណូមពរ សូមលោកអភិបាលជួយដោះស្រាយជូនពួកគាត់ផង ដោយក្មេងៗទៅសិក្សាត្រូវឆ្លងកាត់ផ្លូវដែលមានទឹកមិនល្អទាំងនេះ ហើយយូរៗទៅ បណ្តាលឲ្យខូចខាតផ្លូវបេតុងនេះជាមិនខាន។
លោក ប៉ូ វណ្ណា មេភូមិទ្រា បានប្រាប់តាមទូរស័ព្ទថា បញ្ហាខាងលើនេះលោកបានរាយការណ៍ជូនថ្នាក់សង្កាត់/ខណ្ឌរួចរាល់អស់ហើយ ហើយបានចុះមើលដោយផ្ទាល់អំពីបញ្ហានេះ ព្រមទាំងដឹកនាំកម្លាំងជំនាញខាងប្រព័ន្ធលូមកធ្វើការស្តារប្រើបណ្តោះអាសន្ន ដើម្បីបញ្ជៀសផលវិបាកជូនប្រជាពលរដ្ឋបានមួយរយះ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ក៏បានប្រាប់តាមទូរស័ព្ទដែរថា លោកបានឲ្យលោកមេភូមិទ្រាចុះទៅទីតាំងខាងលើហើយ ដោយលោកចៅសង្កាត់ស្ទឹងមានជ័យរួមជាមួយលោកអភិបាលខណ្ឌមានជ័យមកមើលកន្លែងលិចលង់របស់សហគមន៍មួយផ្សេងទៀត ដែលមានច្រើនគ្រួសារ ហើយបញ្ហាផ្លូវបេតុង ស្ថិតនៅភូមិទ្រា ដែលរាល់ពេលភ្លៀងតែងតែលិចលង់ គឺបណ្តាលមកពីប្រព័ន្ធលូតូចពេក ពីមុនមកតំបន់នេះមានតែ៤ទៅ១០គ្រួសារតែប៉ុណ្ណោះ ឥឡូវមានជាច្រើនគ្រួសារ តែការលិចលង់នោះ គឺជាកន្លែងឃ្លាំងទុកចោលទៀត។
សូមបញ្ជាក់ផងដែរថា ហេដ្ឋារចនាផ្លូវក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ កំពុងធ្វើការអភិវឌ្ឍ ដោយពីមុនមកប្រព័ន្ធលូតូចៗសល់ជាច្រើនខ្សែ ដែលប្រជាពលរដ្ឋតចូលមកប្រព័ន្ធលូធំ ទើបពេលភ្លៀងម្ដងៗមានការលិចលង់ដូច្នេះ សង្ឃឹមថាយើងមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀត៕
https://youtu.be/zCQLXNsSYyg
មតិយោបល់