ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ក្នុងឱកាសដឹកនាំក្រុមយុវជនទៅសួរសុខទុក្ខអាជីវករ ពាណិជ្ជករខ្មែរនៅអូស្ត្រាលី លោកបានស្នើសុំថា បើបានទៅលេងស្រុកកំណើតនៅមាតុភូមិប្រទេសកម្ពុជា ត្រូវស្វែងរកឱកាសវិនិយោគនៅទីនោះ ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ក្នុងឆាកអន្តរជាតិ។
ថ្លែងទៅកាន់បងប្អូនពាណិជ្ជករ អជីវករ ជនជាតិខ្មែរដែលរស់នៅក្នុងទីក្រុង ស៊ីដនី ប្រមាណ៧០នាក់ ក្នុងការចូលរួមសំណេះសំណាលនិងពិសារអាហារថ្ងៃត្រង់នៅព្រឹកថ្ងៃទី១០ តុលា ២០១៦ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជាខ្មែរនៅទីណាក៏ដោយ គឺនៅតែជួយខ្មែរ តាមរយៈការមកវិនិយោគដែលនាំមកនូវការអភិវឌ្ឍន៍ដល់ប្រទេស។
លោកបានបន្ថែមថា កន្លងមកមានព័ត៌មានអវិជ្ជមានមួយចំនួនពីកម្ពុជា ប៉ុន្តែតាមការពិតប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាណិជ្ជកម្មបានខិតខំបង្កើតនូវយន្តការជាច្រើនដើម្បីសម្រួលឲ្យមានបរិយាកាសល្អនៅក្នុងការវិនិយោគប្រទេស។
ក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ប្រជាពលរដ្ឋខ្មែរគឺលោកលឹម សំអាត តំណាងខ្មែរនៅអូស្រ្តាលី មានមោទនភាពនិងសេចក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយ លោក ហ៊ុន ម៉ាណែត ខណៈលោកបាននាំយកនូវព័ត៌មានក្នុងប្រទេសមួយមកប្រាប់ ក្នុងនោះលោកបានរំលេចពីសក្តានុពលក្នុងការអភិវឌ្ឍន៍ វិស័យវិនិយោគ និងវិស័យជាច្រើនទៀតរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម វិស័យទេសចរណ៍ ជាដើម៕
មតិយោបល់