ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងប្រកាច់ពេញផ្លូវរងរបួសធ្ងន់

បន្ទាយមានជ័យ: បុរសម្នាក់ផឹកស្រាស្រវឹង ជិះម៉ូតូដួលខ្លួនឯងប្រកាច់ពេញថ្នល់ជាតិ បណ្តាលឲ្យរបួសធ្ងន់ កាលពីនៅវេលាម៉ោង៧យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៥៨ដេ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ ទិត្យ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក បានបញ្ជាក់ទៀតថា មុនពេលកើតហេតុនោះជនរងគ្រោះបានផឹកស្រាឡើងស្រវឹងមិនដឹងថាផឹកតាំងពីពេលណាមកនោះទេ រួចក៏ឡើងជិះម៉ូតូម៉ាក ស៊ុយសាគី ពណ៌ខ្មៅ ដែលជាម៉ូតូកែច្នៃ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើទាំងមេឃងងឹត ទាំងដែលម៉ូតូរបស់ខ្លួនគ្មានភ្លើងសម្រាប់បំភ្លឺ លុះបានមកដល់ចំណុចកើតហេតុក៏ដួលប្រកាច់ប្រកិនពេញដងផ្លូវបណ្តាលឲ្យបុរសនោះរបួសធ្ងន់តែម្តង។

ក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅទីនោះដឹកបញ្ជូនទៅមណ្ឌលសុខភាពកូប ដើម្បីសង្គ្រោះជីវិតភ្លាមផងដែរ ។ចំណែកម៉ូតូវិញត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់