កណ្តាលៈ ដូចពាក្យមួយឃ្លាគេតែងតែពោលថា ក្រយៅជាប់គុកនៅតែជាប់គុក ដូចករណីបុរសម្នាក់ឈ្មោះ ឌីង ពេជ្រស័ក្តវ៉ា ត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ជាប់ដាក់ពន្ធនាគារម្តងរួចមកហើយ ពីបទរំលោភសេពសន្ថវៈកាលពីពេលកន្លងទៅ ហើយទើបនឹងចេញពីពន្ធនាគារ មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារវិញ ពីបទបង្ករបួសស្នាមលើអ្នកដទៃ កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌីង ពេជ្រស័ក្ដវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សាទៅលើជនរងគ្រោះ ឈ្មោះរិន បូរ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ។ ចំណែកឯវត្ថុតាងដកហូតកាំបិតបន្ទោះ១ប្រវែង០,៣៩ម៉ែត្រផ្លែដែកដងឈើ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងជាមួយមិត្តភក្ដិមកពីផឹកស៊ី លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានស្ទាក់ពីមុខម៉ូតូជនរងគ្រោះ ដោយកាន់កាំបិតបន្ទោះនៅនឹងដៃ រួចកាប់ទៅលើជនរងគ្រោះចំនួន៥កាំបិត ចំក្បាល១កាំបិត ចំទ្រូង៣កាំបិត និងខ្នង១កាំបិត ប៉ុន្តែមិនមានស្នាមមុតនោះទេ។ លុះដល់ម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ទើបឈ្មោះយិន បូរិន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងកាត់សក់ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។
សូមរំឭកផងដែរថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ ពីបទរំលោភសេពសន្ថវៈ និងហិង្សាដោយចេតនា។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក កម្លាំងនគរបាលរដ្ឋបាលគគីរបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់