សៀមរាបៈ យុទ្ធនាការក្នុងការចលនាប្រមូលទិញកសិផលរបស់បងប្អូនប្រជាកសិករនៅខេត្តសៀមរាប បានបន្តមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នេះដែលសរុបប្រមាណជាង៨០តោន ហើយត្រូវបានអាជ្ញាធរខេត្ត និងអភិបាលខេត្ត បន្តធ្វើការប្រមូលទិញពីប្រជាកសិករដែលបានដឹកជញ្ជូនយកមកលក់ ដល់សាលាខេត្តសៀមរាប ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ លោក ហ៊ុន សុវណ្ណ និងលោកស្រី សរភិននរិន្ធ ដែលរស់នូវក្នុងក្រុងសៀមរាប បានអញ្ជើញចុះមកទទួលទិញផ្លែល្ពៅដល់សាលាខេត្តចំនួន៤តោនក្នុងតម្លៃ៥០០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះលោក ហ៊ុន សុវណ្ណ និងលោកស្រី សរ ភិននរិន្ធ បានបន្ថែមនៅស្ករសចំនួន១០០គីទ្បូក្រាម និងដូងទុំចំនួនជាង៥០ផ្លែ ឲ្យដឹកបន្តយកទៅជូនយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប នៅថ្ងៃនោះដែរ ។
លោក ហ៊ុន សុវណ្ណ និងភរិយា បានមានប្រសាសន៍ថានេះ គឺជាសកម្មភាព ប្រពៃណីចែករំលែកក្រោម អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងការជួយដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូន ប្រជាកសិករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការដាំដុះដំណាំរបស់ខ្លួន ហើយនៅពេលធ្វើការប្រមូលភោគផលបាន បែរទៅជាល្ពៅទាំងនោះគ្មានទីផ្សារទៅវិញ។
លោកបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា ផ្លែល្ពៅដែលបានទទួលទិញពីបងប្អូនប្រជាកសិករមកទល់និង ថ្ងៃទី១១ ខែតុលានេះមានចំនួនដល់ទៅជាង៨០តោន ចលនារបស់លោកបណ្ឌិតសូមធ្វើការក្រើនរំឭកដល់ ម្ចាស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ ម្ចាស់សណ្ឋាគារភោជនីយដ្ឋាន និងសមាគមជាតិ អន្តរជាតិសំខាន់ សភាពាណិជ្ជកម្មខេត្ត រួមទាំងប្រជាពលរដ្ឋក្នុងការចូលរួមដោះស្រាយនៅពេលដែលប្រជាពលរដ្ឋជួបនូវការលំបាក។
ម្យ៉ាងទៀតដោយមើលឃើញផលលំបាករបស់ប្រជាកសិករដែលមួយចំនួនបានខ្ចីប្រាក់ពីធនាគារ ដើម្បីយកទៅធ្វើការដាំដុះដំណាំគ្រប់ប្រភេទ ហើយនៅពេលដែលភោគផលដំណាំទាំងនោះគ្មានទីផ្សារ ដែលធ្វើឲ្យពួកគាត់កាន់តែមានបន្ទុកធ្ងន់ឡើង ហើយការប្រមូលទិញនេះមានគោលបំណងទប់ស្កាត់ការបន្ថោកតម្លៃពីឈ្មួញកណ្តាលផងដែរ។
ក្នុងនោះលោកអភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាកសិករនៅក្នុងខេត្តសៀមរាបដែលបានដាំដុះដំណាំល្ពៅហើយគ្មានទីផ្សារនោះ សាលាខេត្តសៀមរាបនៅតែបន្តទិញពីបងប្អូនតទៅទៀត។
សូមបញ្ជាក់ផងដែរថាដំណាំល្ពៅ នៅខេត្តសៀមរាប មានដាំដុះនៅ ស្រុកស្វាយលើ ស្រុកជីក្រែង ស្រុកវ៉ារិន និងស្រុកបន្ទាយស្រី នៅពេលដឹកយកមកលក់ឲ្យសាលាខេត្ត ត្រូវ មានលិខិតបញ្ជាក់ពីអាជ្ញាធរ ស្រុកជាមុនផងដែរ៕
មតិយោបល់