ស្វាយរៀងៈ យ៉ាងហោចណាស់មានកម្មករ-កម្មការិនីប្រមាណ៥៤នាក់បានរបួសធ្ងន់ស្រាល ដោយសាររថយន្តបើកបួងចង្កូតខ្លាំងបុកជាមួយរាន្តទេវតាខាងមុខផ្សារថូម៉ាក់ជីភូក្រឡាប់ចាក់កម្មករ-កម្មការិនីដួលរណូករណែល កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
មន្រ្តីនគរបាលក្រុងបាវិតបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកកម្មករ-កម្មការិនីទៅធ្វើការ ស្រាប់តែមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់តាមផ្សារថូម៉ាក់ ក៏បុកជាមួយរាន្តទេវតាចាក់កម្មករ-កម្មការិនីដួលរណូករណែលរបួសជាច្រើននាក់តែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតហេតុអ្នកបើកបររត់គេចបាត់ស្រមោល រីឯកម្មករ-កម្មការិនី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យជីភូ និងមន្ទីរពេទ្យខេត្ត។ អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ នុត ណាគ្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបារាយណ៍ស្វាយគុយ ឃុំមេសថ្ងក ស្រុកចន្ទ្រា បានបើករថយន្តដឹកកម្មករទៅធ្វើការនៅក្រុងបាវិត។
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះមានអ្នករបួសសរុប៥៤នាក់ (របួសធ្ងន់៧នាក់ ស្រាល៤៧នាក់ )។ កម្មករទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត២៣នាក់ ធ្ងន់៧នាក់ និងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ៣១នាក់ស្រាល៕
មតិយោបល់