ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័រេចង្កូតទៅបុក រនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតចំនួន២ផ្ទាំង ចំណែករថយន្ដបើកបានប្រហែល៥០ម៉ែត្រដាច់កាឡេទៅមុខលែងរួចតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបផ្សារអូឬស្សី តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាក តូយ៉ូតា ព្រូស ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ2Z-1065 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនិងបុរសនារីពីរនាក់ទៀតជាជនជាតិចិនដូចគ្នា ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតចំនួន២ផ្ទាំង។ បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្ដបង្កបានព្យាយាមបើកគេចខ្លួនតែពេលបើកបានប្រហែល៥០ម៉ែត្រ រថយន្ដបានដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវីធីច្បាប់៕
មតិយោបល់