ព័ត៌មានជាតិ

​​ប្រពន្ធមន្រ្តីនគរបាល ត្រូវជនមិនស្គាល់មុខវាយសម្លាប់​ រួចអូសទម្លាក់ប្រឡាយ

ប៉ៃលិនៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារប្រជាពលរដ្ឋធ្វើដំណើរទៅចម្ការ បានប្រទះឃើញស្រ្តីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងប្រឡាយបង្ហូរទឹក រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីនេះគេសង្ស័យថា ជាអំពើឃាតកម្ម ព្រោះនៅក្បាលជនរងគ្រោះ គឺត្រូវជនសង្ស័យវាយនឹងដុំថ្មស្ទើរខ្ទេចមើលមិនដឹង។

ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ទៅជើងភ្នំខៀវ ក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កូវ ស៊ីហេង ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយមានប្តីឈ្មោះ ទូច ជិនលី ជាមន្ត្រីនគរបាល ឋានៈជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ប្រភពព័ត៌មានបានបន្តថា បើតាមប្រជាពលរដ្ឋនិយាយថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI ពាក់ស្លាកលេខនគរបាល I-1081 ទៅចំណុចកើតហេតុខាងលើ ដោយគេមិនដឹងថា ទៅធ្វើអ្វីនោះទេ លុះនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ទើបគេដឹងថា ជនរងគ្រោះបានស្លាប់បាត់ ដោយគេសង្ស័យថា ជាអំពើឃាតកម្ម ព្រោះក្បាលផ្នែកខាងក្រោយត្រូវគេវាយស្ទើរខ្ទេច។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង តាមរកឃាត ករយកមកផ្ទន្តាទោសតាមច្បាប់ផងដែរ ៕

die-10die-1die-2die-3die-4die-5die-6die-7die-8die-9

មតិយោបល់