ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ និងអង្គកាចៃកា កាលពីព្រឹកថ្ងៃ ទី១២ខែតុលា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោង សហប្រតិបត្តិការ បច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ និងកំណត់ ហេតុនៃកិច្ចពិភាក្សាសម្រាប់ការសិក្សារៀបចំគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ប្រឡាយ លូ នៅរាជធានីភ្នំពេញដំណាក់កាលពីទី៤។
លោក ADACHI ITSU ( អាដាឈិ អ៊ីហ្សុ) ប្រធានតំណាងចៃការ នៅកម្ពុជា បានមានប្រសាសន៍លើកឡើងថា ជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនិងកំណើនប្រជាជនដ៏ឆាប់រហ័សនៅរាជធានីភ្នំពេញ ចំនួនយានយន្ត និងទោយចក្រយានយន្តដែលបានចុះបញ្ជីមានការកើនឡើង យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកថា ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងរាជធានីភ្នំពេញកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃនេះ គឺផ្តើមចេញពីកង្វះខាតមធ្យោយបាយដឹកជញ្ជូនសាធារណៈក៏ជាការប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដទៃទៀតដែលត្រូវដោះស្រាយ។
លោកបានបន្តថា ដោយហេតុនេះហើយ វាចាំបាច់ ត្រូវមានប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយឲ្យបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធិភាព ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និងដាក់ចេញនូវវិធានការរដ្ឋបាលជាច្រើន ដោយក្នុងនោះរួមទាំងការដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈដែលកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការនៃសេវារថយន្តក្រុងសាធារណៈកាន់តែកើនឡើងដែលតម្រូវឲ្យមានការពង្រីកនូវសេវាកម្មបន្ថែមទៀតជាមួយនឹងការគ្រប់គ្រងនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៧ខាងមុខនេះ រាជធានីភ្នំពេញនឹងកាត់បន្ថយការកកស្ទះចរាចរបន្ទាប់ពីគម្រោងចំនួន២ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៧ ហើយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីសេវាកម្មរថយន្តក្រុងដែលប្រកបដោយ បរិស្ថានល្អប្រសើរផងដែរ ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើគម្រោងទាំង៣របស់អង្គកាចៃការនេះ គឺពិតជាមានតម្លៃនិងប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយកង្វល់ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញ ។ ទី១.គម្រោង កែលម្អប្រព័ន្ធលូ ប្រឡាយ លូ ជំហ៊ានទី៣ហើយនៅឆ្នាំក្រោយនេះចៃកានឹងបន្តជំហ៊ានទី៤ទៀត ដែលគម្រោងជំហ៊ានទី៤នេះវានឹងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឺកភ្លៀងមានប្រសិទ្ធភាពខ្ពស់ ។លោកបន្តថា ជាមួយនឹងការកែលម្អប្រព័ន្ធលូ ប្រឡាយ លូ បន្ថែមឲ្យមានខ្នាតធំជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចនូវការងាររបស់ខ្លួនបានជាង៣០០គីឡូម៉ែត្រហើយ រួមនិងការកសាងនូវស្ថានីយដើម្បីបូមរំដោះទឹកជាច្រើនកន្លែងផងដែរ ដែលធ្វើឲ្យភ្នំពេញលែងលិចលង់ដូចបណ្តាឆ្នាំមុនៗទៀត ។
លោកប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ផងដែរថា នៅភ្នំពេញចំពោះខ្សែក្រវ៉ាត់ក្រុងទី១ វាលែងមានបញ្ហាលិចលង់ទៀតហើយ ពោលគឺនៅតែខ្សែក្រវ៉ាត់ទី២និងទី៣ប៉ុណ្ណោះដែលកំពុងតែប្រឈមមុខនឹងការលិចលង់នេះ ដូចយើងបានឃើញនៅពេលនេះស្រាប់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយ លើការលិចលង់នេះឲ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ប្រឡាយ លូ នៅរាជធានីភ្នំពេញដំណាក់កាលពីទី៤ នឹងត្រូវធ្វើឡើងនៅខាងជើងវត្តភ្នំ ក្នុងខណ្ឌដូនពេញនិងនៅក្នុងអាណាចក្រខណ្ឌទួលគោកទាំងមូល៕
មតិយោបល់