ភ្នំពេញៈ មុននេះបន្តិចលោកហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា លោកនឹងដំណើរការផលិតកម្មមួយនេះឡើងវិញ។ យ៉ាងណាមិញ លោកថាផលិតកម្មរបស់លោកនឹងផ្ដោតតែលើការផលិតរឿងប៉ុណ្ណោះ ដោយមិនមានការផលិតជាឌីសចម្រៀងដូចគ្នានឹងមុនពេលដួលរលំនោះទេ។
លោកហួរ សុផល និយាយថាដោយសារតែមើលឃើញថា វិស័យភាពយន្តនាពេលចុងក្រោយមានការរីកចំរើន ហើយផលិតកម្មក្លាស៊ិក ក៏មានកេរ្តិ៍ឈ្មោះក្នុងការផលិតភាពយន្តខ្នាតធំបានចំនួន៧លើកកាលពីមុនមកដែរ ទើបលោកសម្រេចចិត្តបោះទុនផលិតភាពយន្តជាថ្មី។ លោកថានៅអំឡុងខែវិច្ឆិកាខាងមុខ ផលិតកម្មក្លាស៊ិកនឹងរស់ឡើងវិញ ហើយគម្រោងចាប់ផ្ដើមរបស់ខ្លួន គឺចេញផលិតរឿងដើម្បីប្រកួតប្រជែងទីផ្សារសិល្បៈ។ លោកនិយាយថា«ខែ១១ផលិតកម្មក្លាស៊ិកនឹងបើកឡើងវិញ ហើយយើងអត់ផលិតចម្រៀងអីទេ គឺយើងផ្ដោតតែលើការផលិតភាពយន្តតែមួយមុខគត់ ដែលអាចមួយឆ្នាំ២រឿង ឬ៣រឿងអាស្រ័យទៅតាមពេលវេលា!»។
លោកប្រកាសផ្ដល់ឱកាសឲ្យតារាសម្ដែងទាំងជើងចាស់ និងជើងថ្មីដែលចង់បង្ហាញខ្លួននៅក្នុងផលិតកម្មរបស់លោកទាំងអស់ ដោយលោកបញ្ជាក់ថាឲ្យតែមានសមត្ថភាព ហើយមានត្រេមុខស័ក្តសមនឹងតួអង្គនៅក្នុងសាច់រឿងគឺលោកនឹងឲ្យសម្ដែងដោយគ្មានលក្ខណ្ឌ។ លោកថាខ្លួនសរសេរសាច់រឿងបានប្រមាណជា៤០ភាគរយហើយ ចំណែកក្រុមការងារផលិត និងការកុម្ម៉ង់សម្ភារៈសម្រាប់ថតកុន ក៏បានរៀបរយជាបណ្ដើរៗផងដែរ ដោយរង់តែចាំតែរឿងសរសេរចប់ ដើម្បីឆ្លងក្រសួង ហើយនឹងចេញថតប៉ុណ្ណោះ។ លោកនិយាយថា«អ្វីៗយើងរៀបរយអស់ហើយគឺចាំតែសាច់រឿងយើងចប់ យើងនឹងក្រុងពាលីចេញថតដើម្បីដំណើរការផលិតកម្មក្លាស៊ិកជាថ្មីតែម្ដង!»។ យ៉ាងណាមិញ លោកថាមិនទាន់សម្រេចចិត្តទម្លាយសាច់រឿង និងចំណងរឿងដែលគ្រោងចេញថតនៅខែ១១នៅឡើយទេ ដោយគ្រាន់តែអះអាងថាខ្សែរឿងដែលនឹងរំលេចនោះគឺពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើល។
លោកហួរ សុផល បញ្ជាក់ថានាពេលកន្លងមក ផលិតកម្មក្លាស៊ិកទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការផលិតភាពយន្តចំនួន៦ ដែលមានដូចជារឿង«ព្រះនាងព្រិលស» រឿង«ទាយាទអារីយ៉ា» និងរឿង«ខ្មោចសុគន្ធថេរ៉ាយុ»ជាដើម។ លោកថាការផលិតរឿងជាថ្មី នឹងធ្វើឲ្យមានគុណភាព ដោយមិនធ្វើឆិនឆៃនោះទេ ដើម្បីឲ្យមានលក្ខណៈប្រកួត៕
មតិយោបល់