បាត់ដំបងៈ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចោរលួច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈពួកគេនេះ បានធ្វើសកម្មភាពចូលលួចម៉ូតូគេទាំងយប់ ប៉ុន្តែប៉ះចំម៉ូតូអស់សាំង ទើបមិនអាចជិះទៅណាឆ្ងាយបាន។
បើតាមសាក្សីនៅក្បែរចំណុចកើតហេតុបាននិយាយថា នៅម៉ោងប្រហែលជា១១និង៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានក្រុមចោរ២នាក់ បានធ្វើសកម្មភាព លួចម៉ូតូ វេវអេស C100 ពណ៌ ក្រហមខ្មៅ គ្មានស្លាកលេខ ជាកម្មសិទ្ធរបស់ ឈ្មោះ ញឹម ដា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដោយម៉ូតូនេះ គឺអស់សាំងហើយគេបានទុកចោលនៅក្រោមផ្ទះ។
ប្រភពដដែលបានបន្តថា ក្រោយពីម្ចាស់បានដឹងថា ម៉ូតូរបស់ខ្លួនត្រូវបានក្រុមចោរលួចយកចេញពីផ្ទះទៅបាត់ហើយនោះ ទើបគេបានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងបាន លើកគ្នាក្នុងភូមិបែកចែកមុខសញ្ញាគ្នាតាមរក ព្រោះគេយល់ថា ចោរមិនអាចទៅឆ្ងាយបានទេ ដោយសារតែម៉ូតូនេះវាអស់សាំង។
ទីបំផុតទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានតាមទាន់ក្រុមចោរ ដែលពួកគេមានគ្នាចំនួនពីរនាក់ នៅចម្ងាយពីចំណុចកើតហេតុប្រមាណ១គីឡូម៉ែត្រ ដោយពួកគេកំពុងបណ្តើរ ម៉ូតូដែលអស់សាំងនោះ ព្រមទាំងបានដកហូតនូវម៉ូតូរបស់ពួកគេមួយគ្រឿងទៀតដែលគេទុកជិះធ្វើសកម្មភាពលួចតាមភូមិ ថែមទាំងមានម៉ាស៊ីន បូមទឹកមួយគ្រឿងផង ដោយមិនដឹងថា ពួកគេលួចមកពីទីណាទេ។
ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះ រិទ្ធ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការប្រគល់ម៉ូតូទៅឲ្យម្ចាស់វិញហើយ។ ដោយឡែក មុខសញ្ញាទាំងពីរនាក់ រួមទាំងវត្ថុ តាងត្រូវបានកម្លាំងរៀបចំឯកសារដើម្បីបញ្ជូនទៅឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕



មតិយោបល់