ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន​ជាង១០កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បង្ក្រាបបានរួមជាមួយ ថ្នាំញៀន១៦កញ្ចប់ ដាវ កាំបិត និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ស៊ីម ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកប្រើប្រាស់)។ ទី២ ឈ្មោះ ធី រដ្ឋា ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិស្រម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ថ្នាំ និងសម្ភារៈមួយចំនួនទៀត។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀន ចំនួន១៦កញ្ចប់តូច ដាវសាំម៉ូរ៉ៃ១ដើម បុ័ងតោ១ដើម សម្ភារៈវេចខ្ចប់មួយចំនួន ឧបករណ៍សម្រាប់ជក់ ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1G-3487 និងមួយគ្រឿងទៀត ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB-5434 ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបករណីជួញដូរខាងលើនេះ គឺមានការសហការពីប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបញ្ជាឲ្យកម្លាំងចុះទៅបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ចំណែកមេក្លោងម្នាក់ទៀតរត់គេចខ្លួនបាត់។

តាមការសារភាពពីជនសង្ស័យឈ្មោះ ធី រដ្ឋា បានឲ្យដឹងថា ថ្នាំទាំងអស់ជារបស់ជនសង្ស័យ ដែលរត់បាត់នោះទេ ដែលឲ្យរូបគេ ចាំយកមកប្រគល់ឲ្យអ្នកចាំទិញ។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ និងថ្នាំញៀន សមត្ថកិច្ចកំពុងសាកសួរជាបឋមនៅប៉ុស្តិ៍កន្ទោក និងនាំខ្លួនបន្តទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

https://youtu.be/-hwsPBxGAyI

មតិយោបល់