ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរខណ្ឌឫស្សីកែវ ជួយមើលផ្លូវជាតិលេខ៥ ផ្លូវលេខ៦៨ និងលេខ៩៧ផង

ភ្នំពេញ: បច្ចុប្បន្នគេសង្កេតឃើញប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវជាតិលេខ៥ ផ្លូវលេខ៦៨ និងផ្លូវលេខ៩៧ ចាប់ពីគល់ស្ពានជ្រោយចង្វាររហូតដល់ចំណុចមុខសាលាប៊ែលធី អន្តរជាតិ ម្តុំផ្សារទួលសង្កែ និងផ្សារតូចផ្លាហ្សា បានយកចិញ្ចើមផ្លូវដាក់តាំងឥវ៉ាន់លក់ដូរយ៉ាងអាណាធិបតេយ្យ ពេលមានឡានម៉ូតូមកឈប់ទិញអ៊ីវ៉ាន់ និងចតចាប់ម៉ូយត្រូវចតលើទ្រូងផ្លូវទាំងសងខាង ធើ្វឲឲ្យផ្លូវធំទូលាយប្រែជាតូចចង្អៀត បណ្តាលឲ្យកកស្ទះចរាចរជារៀងរាល់ម៉ោង និងរាល់ថ្ងៃ ដែលគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណារវល់ឡើយ។

មហាជនដែលធ្វើដំណើរតាមផ្លូវខាងលើនេះ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ខណ:ដែលកកស្ទះចរាចរដោយផ្លូវរួមតូចចង្អៀត បណ្តាលមកពីឡានចតចាំទិញអ៊ីវ៉ាន់ និងរ៉ឺម៉កចតចាំចាប់ម៉ូយ ហើយនៅមុខផ្ទះត្រូវគេដាក់តាំងអ៊ីវ៉ាន់លក់ពេញ ដែលបង្ខំឲ្យអ្នកថ្មើរជើងដើរកណ្តាលផ្លូវតែម្តង ដូច្នេះអ្នកថ្មើរជើងត្រូវប្រឈមនឹងគ្រោះថ្នាក់ចរាចរផងដែរ។

បើតាមអាជា្ញធរបានឲ្យដឹងថា ក្រោយពីផ្លូវនេះជួសជុលរួចលោកបានចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ប៉ុន្តែគឺដូចជាវែកចកអ៊ីចឹង ព្រោះពេលយើងដើររៀបចំពួកគាត់បានរើអ៊ីវ៉ាន់ចូលក្នុងផ្ទះអស់ ដល់ពេលយើងដើរចេញពួកគាត់បានយកមកដាក់វិញដដែល។

ប្រភពបានបន្តថា រាជរដ្ឋាភិបាលបានខិតខំពង្រីកផ្លូវឲ្យធំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធើ្វដំណើរកុំឲ្យកកស្ទះចរាចរ ប៉ុន្តែត្រូវពួកគាត់ដាក់តាំងអ៊ីវ៉ាន់លក់ដូរលើទ្រូងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀតដដែល ជាពិសេសទៅទៀតនោះ នៅមុខផ្សារតូចផ្លាហ្សា មានរ៉ឺម៉កចតដល់កណ្តាលទ្រូងផ្លូវតែម្តង គ្មានខាងណាមករៀបចំសណ្តាប់ធ្នាប់ ឬបោសសម្អាតផ្លូវនោះទេ ដោយផ្លូវពោរពេញដោយភក់ជ្រាំប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

មហាជនដែលធើ្វដំណើរតាមដងផ្លូវនោះ បានរិះគន់ចំពោះសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាអាជ្ញាធរសង្កាត់ និងខណ្ឌ ដែលអសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងអាណាចក្រទឹកដីរបស់ខ្លួនកាន់កាប់ ដែលបណ្តាលឲ្យផ្លូវជាច្រើននៅក្នុងខណ្ឌឫស្សីកែវ មានការកកស្ទះជារៀងរាល់ថ្ងៃ ជាងនេះទៅទៀតអ្នកធ្វើដំណើរតាមដងផ្លូវទាំងនោះ បានទទួលរងគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរបួសជាញឹកញាប់។ មូលហេតុទាំងអស់នេះហើយ គឺបណ្តាលមកពីកត្តាផ្លូវដែលតូចចង្អៀត ដោយសារពួកគាត់បានដាក់តាំងលក់អ៊ីវ៉ាន់លើចិញ្ចើមផ្លូវរហូតហៀរដល់ទ្រូងផ្លូវតែម្តង ហើយសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាអាជ្ញាធរសង្កាត់ និងខណ្ឌ ក៏មិនយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងធ្វើចរាចរឡើយ។

លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំពង្រឹងច្បាប់ចរាចរណ៍ និងសន្និបាទបូកសរុបលទ្ធផលការងារកន្លងមក ដោយបានលើកឡើងចំៗពីផ្លូវជាតិលេខ៥ ផ្លូវលេខ៦៨ និងផ្លូវលេខ៩៧ខាងលើនេះ ហើយលោកក៏បានសង្កត់ធ្ងន់ថា អធិការត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ ដែលបច្ចុប្បន្នកំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ។

លោក ជួន សុវណ្ណ ក៏បានលើកឡើងផងដែរថា ត្រូវឲ្យអធិការទាំងអស់យកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ដោយលោកចាត់ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរជាបទល្មើសចរាចរ។ ប៉ុន្តែប៉ូលិសខណ្ឌឫស្សីកែវនៅមិនទាន់មានចំណាត់ការនៅឡើយទេ ហាក់ដូចជា មិនអនុវត្តតាមបទបញ្ជារបស់មេកើយសោះ។

ជាចុងក្រោយមានការសំណូមពរពីមហាជន និងអ្នកធ្វើដំណើរដែលធ្លាប់ជួបការលំបាកក្នុងពេលស្ទះចរាចរនោះ សុំឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ពន្ធ័ជួយរៀបចំសណ្តាប់ធ្នាប់ផ្លូវខាងលើនេះផង ដើម្បីចៀសវាងមានការកកស្ទះចរាចរ ដែលតែងតែកើតឡើងជារៀងរាល់ថ្ងៃនោះ៕

photo_2016-10-14_15-32-09-2

photo_2016-10-14_15-32-09

photo_2016-10-14_15-32-10

photo_2016-10-14_15-32-11-2

photo_2016-10-14_15-32-11

photo_2016-10-14_15-32-12

photo_2016-10-14_15-32-13-2

photo_2016-10-14_15-32-13

photo_2016-10-14_15-32-14

photo_2016-10-14_15-32-07

photo_2016-10-14_15-32-08

មតិយោបល់