ព័ត៌មានជាតិ

រំលោភហើយ គេចខ្លួនជិត១០ឆ្នាំ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់គេចខ្លួនអស់រយៈពេលជិត១០ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទ ពីបទរំលោភសេពសន្ថវៈ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០៣ ជាន់ទី៦ អគាទី៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត នៅភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧។

ជនសង្ស័យមានឈ្មោះ រី យឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរកម្មករ មានលំនៅដ្ឋាន ផ្ទះលេខ១៧០k ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យចំពោះមុខនគរបាលបានឲ្យដឹងថា ខ្លួនមិនបានប្រព្រឹត្តនៅអំពើរំលោភសេពសន្ថវៈបែបនេះទេ ដោយកាលនោះ ផ្ទះរបស់ជនសង្ស័យបានបើកបោកអ៊ុត រួចហើយជនសង្ស័យបានឃើញនារីរងគ្រោះរស់នៅគ្មានបងប្អូនពិបាក ក៏ហៅមកធ្វើជាឈ្នួលបោកអ៊ុត មួយរយៈក្រោយមក ក៏មានលក្ខណៈត្រូវរ៉ូវគ្នា ជនសង្ស័យដេកលេង ពេលនោះនារីរងគ្រោះ ក៏មកដេកពីលើហើយឱបអង្អែល ខណៈនោះនារីរងគ្រោះក៏ស្រែកចោទប្រកាន់ថា ជនសង្ស័យចាប់រំលោភសេពសន្ធវៈតែម្ដង។ ក្រោយមកនារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង តែជនសង្ស័យមិនបានចូលខ្លួនដោះស្រាយឡើយ ដោយព្យាយាមរត់គេចខ្លួនទៅនៅតាមខេត្តអស់រយៈពេលជិត១០ឆ្នាំ ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរពេក កូនស្រីរបស់ជនសង្ស័យក៏បាននាំជនសង្ស័យមកព្យាបាលជំងឺនៅភ្នំពេញ ហើយក៏ត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករានាំមកឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត៕

https://youtu.be/7YbCzlob-bE

មតិយោបល់