ភ្នំពេញៈ សាកសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតផ្តាប់មុខនៅក្នុងប្រឡាយទឹកស្អុយ សង្ស័យជាករណីឃាតកម្មដោយសារតែសាកសពមានខ្សែចងដៃភ្ជាប់ជាមួយនឹងដងខ្លួនត្រង់ចង្កេះ និងមានបន្តោកដុំថ្មមួយដុំផងដែរ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយទឹកស្អុយ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សាកសមានសភាពហើម ធំក្លិនទៅហើយ មិនស្គាល់អត្តសញ្ញាណ អណ្តែតផ្កាប់មុខនៅក្នុងទឹកប្រឡាយ ពាក់អាវដៃវែង ស ក្រឡាឆ្នូតខ្មៅ អាយុប្រហែលជិត៤០ឆ្នាំ សង្ស័យជនជាតិចិនបើមើលតាមភិនភាគ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា តាមផ្លូវមាត់ប្រឡាយខាងលើ ជាមធ្យោបាយឆ្លងកាត់រាល់ថ្ងៃ តែពុំមានអ្នកណាចាប់អារម្មណ៍ ក៏ប៉ុន្តែនៅវេលាម៉ោងខាងលើ ខណៈដែលមានបងប្អូនប្រជាពលរដ្ឋដើរឆ្លងកាត់ ចោលភ្នែកប្រទះឃើញ ខ្នងសាកសព និងដៃហើបផុសពីទឹក ទើបបង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅនគរបាល មូលដ្ឋានចុះមកពិនិត្យមើលជាក់ស្តែង។
ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅចុះទៅពិនិត្យដល់កន្លែងកើតហេតុ តែទោះជាយ៉ាងណាក្តី មកដល់វេលាថ្ងៃត្រង់ដដែលនេះ សាកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏មិនដឹងថាស្លាប់មកពីមូលហេតុអ្វីឲ្យច្បាស់លាស់ដែរ ខណៈរងចាំនគរបាលជំនាញចុះមកធ្វើការពិនិត្យ ធ្វើកោសល្យវិច័យ។ តែនៅកន្លែង តាមមតិមហាជន ខ្លះលើកឡើងថា សង្ស័យជាករណីឃាតកម្ម ខ្លះសង្ស័យជាករណីប្លន់សម្លាប់យករបស់ទ្រព្យ ដោយនៅជាប់នឹងខ្លួនសាកសពមានខ្សែមួយ ជាប់ខ្លួន ។
បើតាមការសន្និដ្ឋាននៅលើការពិនិត្យ និងកោសល្យវិច័យពីសមត្ថកិច្ចជំនាញ គឺជាអំពើឃាតកម្ម ឬអាចជាករណីប្លន់សម្លាប់ ព្រោះសាកសពមានរបួសក្បាល និងមានខ្សែចងដៃព័ទ្ធមកចង្កេះផ្អោបជាប់នឹងដុំថ្មមួយដុំលុះសាសពហើមទើបអណ្ដែតឡើង៕







មតិយោបល់