ព័ត៌មានជាតិ

មហាអង្គកឋិនជាង១ពាន់ត្រៃយ៍ មិនធ្លាប់មាន ដង្ហែទៅវត្តទូទាំងប្រទេស

កណ្ដាលៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលមហាអង្គកឋិនធំមួយមិនធ្លាប់មាន ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងភូមិគ្រឹះរបស់អ្នកជំនួញទ្រព្យស្ដុកស្ដម្ភនៅក្រុងតាខ្មៅ។ អង្គកឋិននេះ ខុសប្លែកពីអង្គកឋិនផ្សេងៗ ដោយសារតែម្ចាស់អង្គកឋិនបានធ្វើរហូតដល់១២៣៤ត្រៃយ៍ ហើយប្រកាសដង្ហែទៅកាន់បណ្ដាវត្តនៅទូទាំង២៥រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។

តាមប្រសាសន៍លោកឧទ្ទេសាចារ្យដិបឡាវី ហៅអាចារ្យមា ជំនួសមុខឲ្យអ្នករៀបចំមហាអង្គកឋិនទានដ៏ធំកម្រនេះ ឲ្យដឹងថា នេះជាអង្គកឋិនមិនធ្លាប់មាន ដោយសារតែលោកស្រី សៀង ចាន់ហេង បានចំណាយថវិការហូតដល់រាប់សែនដុល្លារ ធ្វើមហាអង្គកឋិនជាទ្រង់ទ្រាយធំ។ លោកថា ត្រៃយ៍ទាំង១២៣៤ ដែលត្រូវបានរៀបចំនៅក្នុងមហាអង្គកឋិននេះ នឹងត្រូវបញ្ជូនទៅកាន់បណ្ដាវត្តក្រីក្រ និងវត្តខត្តនៅទូទាំងប្រទេស ដោយគ្រាន់តែខេត្តខ្លះក៏ទទួលបានច្រើនវត្ត ហើយខេត្តខ្លះក៏ទទួលបានតិច អាស្រ័យទៅតាមការជូនដំណឹងរបស់អាជ្ញាធរប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា «ត្រៃយ៍លៀងទាំងអស់ហ្នឹង ខេត្តខ្លះអាចបាន៦០វត្តចឹង ខេត្តខ្លះអាចបានបួន១០វត្តចឹង តែអ្វីដែលសំខាន់ គឺគ្រប់វត្តក្រៗនៅទូទាំងរាជធានីខេត្ត នឹងទទួលអង្គកឋិននឹងទាំងអស់ ដើម្បីនាំយកមហាទេយ្យទានទៅប្រគេនដល់ព្រះសង្ឃក្រោយពេលចេញវស្សា!»។ លោកបន្តថា អង្គកឋិននឹងត្រូវដង្ហែទៅកាន់បណ្ដាខេត្តនីមួយៗ បន្ទាប់ពីការធ្វើបុណ្យនៅក្រុងតាខ្មៅ ត្រូវបានរួចរាល់។

នេះជាពិធីបុណ្យកឋិន ដែលមានទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយគ្រាន់តែត្រៃយ៍លៀង ក៏មានចំនួនជាងមួយពាន និងមានគ្រឿងទេយ្យទានយ៉ាងសម្បូរបែប។ ពិធី នេះក៏ឃើញមានវត្តមានអ្នកមុខអ្នកការ និងព្រះសង្ឃយ៉ាងច្រើនកុះករផងដែរ៕

មតិយោបល់