(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន ក្នុងរយៈពេលពេញ១សប្តាហ៍នោះ បានវិលត្រលប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ ដោយបានទទួលនូវលទ្ឋិផលជាផ្លែផ្កាយ៉ាងច្រើន ពិសេសទៅលើការគ្រប់គ្រងកែច្នៃសម្រាម ការច្នៃទឹកកខ្វក់ បញ្ហារំដោះទឹកភ្លៀងនិងការដោះស្រាយចរាចរណ៍ជាដើម។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងក្នុងសន្និសីទកាសែតមួយនៅព្រលានយន្តហោះភ្នំពេញថា ការចងសម្ព័ន្ឋមេត្រីភាពរវាងរាជធានីភ្នំពេញជាមួយទីក្រុងគីតាគ្យូស្ស៊ូ គឺអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោហុ៊ន សែននាយករដ្ឋមន្ត្រី សំដៅឲ្យមានកិច្ចសហប្រតិបត្តិការណ៍ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសពាំនាំនូវបច្ចេកវិទ្យានិងបទពិសោធន៍លើការងារ រៀបចំទីក្រុងគីតាគ្យូស្ស៊ូនេះ មកជួយក្នុងការរៀបចំរាជធានីភ្នំពេញ ។ផ្តើមចេញពីសកម្មភាពនេះហើយ ទើបប្រតិភូសាលារាជធានីភ្នំពេញទៅបំពេញទស្សននៅប្រទេសជប៉ុនមួយសប្តាហ៍ ។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូបានពិនិត្យឃើញថា ទីក្រុងគីតាគ្យូស្ស៊ូ ពិតជាមានការរៀបចំលើការអភិវឌ្ឍន៍ប្រកបដោយបរិស្ថានល្អ ពិសេសលើសំណល់រឹងនិងរាវ ហើយប្រតិភូយើងក៏បានទៅពិនិត្យមើលអាងសម្រោះទឹកសំអុយ ដោយអាងសម្រោះទឹកសំអុយរបស់គេនោះបានកាត់បន្តយជាតិពុលបានជាអតិបរិមាមុន នឹងបង្ហូលចូលទៅក្នុងស្ទឹង ទន្លេ ឬ សមុទ្រ ពោលគឺគេអាចធ្វើឲ្យទឹកដែលកខ្វក់បំផុតទៅជាទឹកដែលល្អបំផុត ដែលអាចប្រើប្រាសបាន ។ចំពោះបញ្ហាសម្រាមវិញគេក៏គ្រប់គ្រងបានល្អប្រសើរផងដែរ ដោយមិនត្រឹមតែការគ្រប់គ្រង ការប្រមូលសម្រាមបានល្អប៉ុណ្ណោះទេ តែគេបានកែច្នៃសម្រាម
ទៅជាវត្ថុធាតុដេីម បង្កើតបានផលិតផលជាច្រើនទៀតដូចជា ជីកំបុ៉ស ឧស្ម័ន ថាមពលអគ្គិសនី និងផលិតផលប្រេីឡេីងវិញដូចជា ដែក អាលុយមីញ៉ូម ជ័រ ក្រដាសផងដែរ។
លោកបន្តថា កិច្ចការងារនេះអាចធ្វើទៅបានដាច់ខាតត្រូវតែមាន ការចូលរួមពីប្រជាពលរដ្ឋ ។ការចូលរួមពីប្រជាពលរដ្ឋពិតជាសក្តានុពលដែលអាចធ្វើឲ្យទីក្រុងមួយមានបរិស្ថានល្អ។លោកបន្តទៀតថា ក្រៅពីនេះនៅរសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦ នៅសាលាក្រុងគីតាក្យូស៊ូនៃប្រទេសជប៉ុន បានរៀបចំពិធីចុះហត្ថលេខាចងសម្ព័ន្ឋភាពទីក្រុងរវាងលោក Kenji KITAHASHI អភិបាលក្រុងគីតាក្យូស៊ូ និងរាជធានីភ្នំពេញរបស់យើងដោយ ក្នុងពិធីនោះក៏មានការចូលរួមពីលោក Masakazu HAMACHI អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។ការចងសម្ព័ន្ឋភាពទីក្រុងរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ ជាមោទនភាពមួយរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងជាដំបូងគេបង្អស់របស់ប្រទេសជប៉ុន ដែលបានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីបន្តថា ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាចងសម្ព័ន្ឋភាពខាងលើរួចហើយប្រតិភូយើងក៏បានជួបសម្តែងការគួរសម្យជាមួយលោកអភិបាលទីក្រុងតូក្យូបន្តទៀត។ក្នងជំនួបនោះលោកអភិបាលទីក្រុងតូក្យូ លោកមានបំណង់ចងសម្ព័ន្ឋមេត្រីភាពរវាងទីក្រុងទាំងពីរ គឺរាជធានីភ្នំពេញនិងទីក្រុងតូក្យូ ក្នុងគោលដៅរៀបចំឲ្យមាន បទពិសោធន៍ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ជាមួយនិងការជញ្ជូនសាធារណៈ ។ទន្ទឹមនឹងនេះទីក្រុងតូក្យូក៏កំពុងនឹងត្រៀមលក្ខណៈ ដើម្បីរៀបចំកីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២០ វាជាឱកាសរបស់យើងដកបទពិសោធន៍ផងដែរ ដោយរាជធានីភ្នំពេញរបស់យើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០២៣ ។កិច្ចពិភាក្សានោះទីក្រុងទាំង២នឹងចុះហត្ថលេខាលើអនុស្សារណៈចងសម្ព័ន្ឋមេត្រីភាពគ្នានៅពេលឆាប់ៗខាងមុខនេះ ពោលគឺក្រោយពីមានការសម្រេចពីប្រមុខរដ្ឋភិបាល។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូយើងក៏បានបម្តទៅជួបពិភាក្សាការងារមួយចំនួនបន្ថែមទៀតជាមួយ អង្គការចៃការ ហើយជាលទ្ធផលអង្គការចៃការ បានសម្រេចក្នុងការជួយលើការកសាងប្រព័ន្ធលូប្រឡាយ ជំហានទី៤បន្តទៀត ការជួយលើវិស័យអប់រំ ក្នុងការកសាង សាលារៀន ជួយលើប្រព័ន្ធចរាចរ លើការដាក់ភ្លើងស្តុប១០០កន្លែងនិងជួយលើប្រព័ន្ធដឹកជញ្ជូនរថយន្តក្រុង ចំនួន១៨០គ្រឿងនឹងត្រូវអនុម័តយល់ព្រម ជាផ្លូវការឆាប់ៗខាងមុខនេះ ដោយនឹងត្រូវប្រើប្រាស់ក្នុងខ្សែរត់បន្ថែមទៀត ទៅតាមប្លង់គោលដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីបានបន្តទៀតថា ពេញ១សប្តាហ៍នៅប្រទេសជប៉ុននេះ យើងពិតជាមានការនឿយហត់ណាស់ ប៉ុន្តែវាពិតជាបានទទួលនូវលទ្ធផលនិងផលប្រយោជន៍ជាច្រើនមករាជធានីភ្នំពេញវិញ ក្នុងដោះស្រាយនៅបញ្ហាប្រឈមៗនានានៅពេលខាងមុខ៕
មតិយោបល់