(ភ្នំពេញ)៖ ខណៈដែលសិល្បៈចាប៉ីដងវែងរបស់ខ្មែរ មិនសូវមានអ្នកចាប់អារម្មណ៍សិក្សារៀនសូត្របន្ត ហើយក្មេងជំនាន់ក្រោយភាគច្រើនមិនសូវស្គាល់ផងនោះ ក្រុមការងាររីកសាយ (Reek Sai) សហការណ៍ជាមួយគម្រោង Winrock International និងសហគមន៏ ចាប៉ីអមតៈ នឹងរៀបចំធ្វើធ្វើមហោស្របចាប៉ីដងវែង លើកស្ទួយ និង អភិរក្សសិល្បៈបុរាណខ្មែរមហោស្រពចាប៉ីដងវែង នៅថ្ងៃទី៣ខែមេសា ឆ្នាំ២០១៦ ក្រោមប្រធានបទ«សម្រស់ព្រៃខ្មែរ» នៅសាសមហោស្រព ចតុមុខ។លោក ពេជ សារ៉ាត ស្ថាបនិក និងប្រធានដឹកនាំសហគមន៏ចាប៉ីអមតៈបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃ៣១មីនា ឆ្នាំ២០១៦ថា ” នេះជាលើកដំបូងដែលយើងរៀបចំកម្មវិធី មហោស្រពចាប៉ីដងវែងក្រោមប្រធានបទសម្រស់ព្រៃខ្មែរ ក្នុងគោលបំណងលើកស្ទួយ និង អភិរក្សសិល្បៈបុរាណខ្មែរជាពិសេសចាប៉ីដងវែងទៅដល់កូនចៅជំនាន់ក្រោយ”។
លោកបន្តថា ចំនុចសំខាន់មួយ គឺលើកកំពស់ការចូលរួមថែរក្សាសម្រស់ និង អត្ថប្រយោជន៏នៃព្រៃឈើនៅក្នុងប្រទេសកម្ពុជាផង ការចូលរួមថែរក្សាចាប៉ីដងវែង ប្រៀបដូចជាការចូលរួមថែរក្សាព្រៃឈើក្នុងប្រទេសកម្ពុជា ព្រោះថា ចាប៉ីដងវែងត្រូវបានធ្វើឡើងដោយដើមឈរកម្រ។
លោក ពេជ សារ៉ាត លើកឡើងទៀតថា នៅមានប្រជាពលរដ្ឋខ្មែរមួយចំនួន មានការយល់ច្រំទៅលើការសិក្សាអំពីសិល្បៈចាប៉ីដងវែងនេះថា នឹងនាំឲ្យពិការភ្នែក ហើយសម្រាប់តែបុរសវ័យចំណាស់ ស្រ្តី ឬ យុវវ័យ មិនអាចរៀនបានទេ ព្រោះវាមិនល្អ។ ការយល់ច្រឡំបែបនេះហើយទើបសិល្បៈមួយប្រភេទនេះមានមនុស្សតិចតួចណាស់ចេះដឹងនឹងឲ្យតម្លៃ ហើយស្ទើតែពុំមានអ្នកចង់រៀន(មានតិចតួចបំផុត)។ លោកសុំលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយមេត្តាបន្តសិក្សា ដើម្បី ថែរក្សា ការពារ អភិរក្សសិល្បៈចាប៉ីដងវែងឲ្យបាន គង់វង់យូអង្វែង។
លោកបញ្ជាក់ថា ចាប៉ីដងវែង ជាឧបករណ៍តន្រ្តីរបស់ខ្មែរដែលមានជាយូលុងមកហើយ សិល្បៈមួយប្រភេទនេះមិនមានឧបសគ្គអ្វីសម្រាប់សុខភាព ឬ ប៉ះពាល់ដល់ភ្នែកនោះទេ វាជាឱសថមួយប្រភេទជួយ ព្យាបាលអារម្មណ៍ សតិ និងលើកកំលាំងចិត្តយើងគ្រប់គ្នា នៅពេលដែលធុញថប់នឹងការងារ ឬពិបាកចិត្ត អាចយកឧបករណ៍តន្រ្តីបុរាណមួយប្រភេទមកកំដរនិងបំបាត់ការនឿយហត់បានគ្រប់ពេល សំខាន់ តើអ្នកចេះលេងវាឬក៏អត់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា មានយុវជនជំនាន់ក្រោយប្រមាណជា៣០នាក់ ក្នុងនោះយុវនារីចំនួន៣នាក់ មានម្នាក់ ជាជនជាតិអូស្រ្តាលី បានចូលរៀនសិល្បៈចាប៉ីដងវែងរបស់ខ្មែរយើង ក្រោយពីមានសាលាបង្រៀនផ្នែកចាប៉ីដងវែងរបស់សហគមន៏ចាប៉ីអមតៈរយៈពេលជាង៥ឆ្នាំកន្លងមកនេះ។ ប៉ុន្តែបច្ចុប្បន្នមានយុវជន ជាច្រើនបានងាកមកចាប់អារម្មណ៍ខ្លាំងលើសិល្បៈចាប៉ីដងវែងខ្មែរយើង៕
មតិយោបល់