ប៉ៃលិនៈ មន្ដ្រីសាខាកាំកុងត្រូលខេត្ត បានចុះណែនាំដល់ក្រុមអាជីវករទាំងអស់ កុំយកទំនិញណា ដែលខូចគុណភាព ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ក្នុងពេលចុះពិនិត្យនោះដែរ មន្ត្រីកាំកុងត្រូល ក៏បានសម្ដែងការព្រួយបារម្ភ ពីប្រជាពលរដ្ឋដែលពួកគាត់តែងតែទិញទំនិញយកទៅប្រើប្រាស់ជារៀងរាល់ថ្ងៃ មិនដឹងថាទំនិញនោះមានគុណភាពនោះទេ ដូច្នោះហើយ សូមឲ្យអ្នកលក់ទាំងអស់ត្រូវយកចិត្តដាក់មើលទំនិញឲ្យបានត្រឹមត្រូវជៀសវាង ជួបនូវបញ្ហាកើតឡើង។
ការព្រួយបារម្ភបែបនេះ ក្នុងឱកាសដែល លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាពដែលដាក់លក់នៅតាមតូបនីមួយៗ នៅភូមិបយ៉ាខា ភូមិបតាំងស៊ូ ភូមិបហ៊ុយ ដែលស្ថិតនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ។
លោក ប្រធានសាខាកាំកុងត្រូល បានលើកឡើងថា ទោះបីជាសាខាកាំកុងត្រូលខេត្តប៉ៃលិន តែងតែចុះពិនិត្យទំនិញជារៀងរាល់ខែ នៅតាមផ្សារ និងនៅតាមតូបនីមួយៗក៏ដោយនៅតែមានទំនិញដែលខូចគុណភាព ដាក់តាំងលក់នៅតាមតូប ព្រោះដោយសារពួកគាត់មិនបានមើលដិតដល់ ដូច្នោះហើយសូមឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ត្រូវចូលរួមសកម្មភាពជាមួយសាខាកាំកុងត្រូលខេត្តប៉ៃលិន ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា។
លោក សាន វិជ្ជាសារ៉ាវុធ ក៏បានអំពាវនាវដល់ អាជីវករទាំងអស់ មុននឹងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូន និង ខាតបង់វេលា ប្រាក់កាក់ផងដែរ ។
លោក បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះចូលរួម និងយល់អំពីការមើលទំនិញដែលខូចគុណភាព ហួសសុពលភាពគឺដើម្បីថែរក្សាសុខភាព និងប្រាក់កាសដែលខិតខំប្រឹងប្រែងរកចិញ្ចឹមជីវិតនិងគ្រួសារ។ ជាចុងក្រោយលោក បានមានប្រសាសន៍សង្កត់ធ្ងន់ថា បើសិនអាជីវករទាំងអស់មិនគោរព និងធ្វើតាមការណែនាំរបស់សាខាកាំត្រូលទេ នឹងត្រូវធ្វើទៅតាមច្បាប់ដោយមាត្រាទី១៦ និង៦៣ ដោយផ្ដន្ទាទោសពី១ ខែទៅ១ឆ្នាំ ដែលយកទំនិញដែលខូចគុណយកលក់តាំងលក់ឲ្យប្រជាជន ដែលបណ្តាលឲ្យខូចសុខភាពជាច្រើននាក់។
ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូវបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមានៈ ទឹកក្រូច ៣៣ដប មីកំប៉ុង៣កំប៉ុង ទឹកដោះគោជូរ ១ដប អូវ៉ាន់ទីន១កំប៉ុង ម្សៅស៊ុបរ៉តឌី៦៥កញ្ចប់តូច ទឹកខ្មេះទន្សាយ៥ដប ទឹកឌីដូរ២៨ដប៕
មតិយោបល់