ព័ត៌មានជាតិ

អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី ថា កម្ពុជាពិតជាដើរលឿនមិនគួរឱ្យជឿ

ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី លោកស្រី មីខាអ៊ែល ហ្សង់ (Michaelle IEAN) បង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានមកដល់ប្រទេសកម្ពុជាជាលើកទី២ បានមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យ ការផ្លាស់ប្តូរជីវភាពប្រជាជន ការអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន សំណង់ អគាខ្ពស់ទាប រីកដុះដាលព្រោងព្រាត ក្នុងទីក្រុង និងទីប្រជុំជន ក៏ដូចជាមានសុខសន្តិភាព ស្ថេរភាព យ៉ាងល្អមិនគួរឱ្យជឿ។

លោកស្រីបានមានប្រសាសន៍ប្រាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដូចនេះខណៈលោកស្រីត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៧ខែតុលានេះនាវិមានរដ្ឋសភា។

លោកអគ្គលេខាធិកាបន្តថា ទស្សនៈវិស័យរបស់អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី(APF) គឺលើកតំកើងការប្រើប្រាស់ភាសារបារាំងជាលក្ខណៈអន្តរវប្បធម៌ ការលើកកម្ពស់ការថែរក្សាសន្តិភាព ស្ថេរភាព លិទ្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស និងការគាំទ្រនៅវិស័យអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសាមគ្គីភាពរវាងប្រទេសនិយាយភាសាបារាំង។

លោកស្រី Michaelle JEAN មានប្រសាសន៍ថា “នេះជាលើកទី២ដែលបានមកទស្សនកិច្ចនៅកម្ពុជា លោកស្រីមើលឃើញថា ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ”

នៅក្នុងជំនួបនោះ សម្តេចប្រធានមានប្រសាសន៍ថា “រដ្ឋសភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធ នៃសភាសមាជិកនិយាយភាសាបារាំង តាំងពីនីតិកាលទី១ និងជាសមាជិក នៃអង្គការអន្តរសភា និងអន្តរជាតិធំៗជាច្រើនទៀតដូចជា៖ អាយ ភីយូ (IPU) អាយប៉ា(AIPA) និងអេភីអេ(APA)ជាដើម និងបានបង្កើតក្រុមសមាជិកសភា ជាតិនិយាយភាសាបារាំង ហើយយើងបានចូលរួមយ៉ាងសកម្ម ជាមួយសកម្មភាពនានា របស់ហ្វ្រង់កូហ្វូនី និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពាក់ព័ន្ធនិងហ្វ្រង់កូហ្វូនីជាច្រើន ក្នុងនោះកិច្ចប្រជុំគណៈកម្មាធិកាអចិន្រៃយ៍សភានិយាយភាសាបារាំង កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាប៉េ អែហ្វ (APF) តំបន់ អាស៊ីប៉ាស៊ីហ្វិក” ។

សម្តេចបានបញ្ជាក់ជូនថា ក្នុងនាមជាសមាជិកភាពនៃអង្គការនេះ កម្ពុជាបានធ្វើឲ្យទំនាក់ទំនងការទូតជាមួយសភា បានពង្រឹងនិងពង្រីកកាន់តែទូលំទូលាយ និងបានរួមចំណែកលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននីតិប្រតិបត្តិ និតិបញ្ញតិនៃបណ្តាប្រទេសជាសមាជិកAPF៕

photo_2016-10-17_14-00-37photo_2016-10-17_14-00-35photo_2016-10-17_14-00-36

មតិយោបល់