ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទរក្សាទុកកាំបិតដោយខុសច្បាប់

ភ្នំពេញ: ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនពីបទប្រើប្រាស់និងរក្សាទុកកាំបិតទុកនូវនឹងខ្លួន ហើយដកហូតម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខក្រុមហ៊ុនបើកបររថយន្ដ ថោង ស៊ីន ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែបានឲ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយប៉ុស្ដិ៍ទួលសង្កែ បានជិះល្បាតក្នុងភូមិសាស្ត្រនៅពេលយប់ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿង ដោយមានការសង្ស័យ ទើបសមត្ថកិច្ចធ្វើការឃាត់ដើម្បីត្រួតពិនិត្យបានរកឃើញកាំបិតតាំងតោចំនួន ១ដើម ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ។

លោក ហ៊ុយ ហ៊ាន បានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ភន ទូច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅម្ដុំផ្លូវម៉ុងរិទ្ធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងទី២-ឈ្មោះ ផេង សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅក្នុងក្រុមហ៊ុនបើកបរ ថោង ស៊ីន ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធីច្បាប់៕

photo_2016-10-17_18-54-50

photo_2016-10-17_18-54-52

photo_2016-10-17_18-54-54

photo_2016-10-17_18-54-56

មតិយោបល់