ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតថ្នាំញៀនជិត៤០កញ្ចប់

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនឹងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដឹកនាំកម្លាំងឆ្មក់ឡោមពទ្ធ័បង្ក្រាបបាន ដកហូតបានថ្នាំញៀនជិត៤០កញ្ចប់ ។ ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើនេះទី១មានឈ្មោះ ដាវ ធីទៀកឡាង ភេទស្រី ជនជាតិវៀតណាម អាយុ៥០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យទី២ឈ្មោះ ចាន់ សុខតាំង ភេទប្រុស ជនជាតិ វៀតណាម អាយុ៤១ឆ្នាំ មុខរបរលក់ផ្កាជ័រ ស្នាក់នៅផ្ទះខាងលើ។ ជនសង្ស័យទី៣ឈ្មោះ គឹម ចន្ថា ហៅប៊ិត ភេទស្រី ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ មុខរបរធ្វើក្រចក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងជនសង្ស័យទី៤ឈ្មោះ សុខ ខា ហៅហាយ ភេទប្រុស ជនជាតិវៀតណាម អាយុ ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ អ្នកទាំង៤នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ជួញដូរសម្រួលទីតាំង និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លា សរុបចំនួន៣៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០២ និងកញ្ចប់តូចចំនួន៣៥កញ្ចប់ , សំបកថង់ប្លាស្ទិចមួយចំនួន,កូនកន្រ្តៃចំនួន០១,ទូរស័ព្ទដៃ(ចាស់)ចំនួន០៤គ្រឿង រួមនឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់