កំពង់ធំៈ ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១៥៣គ្រួសាររស់នៅភូមិអូរសួស្តី បានលើកគ្នាតវ៉ានៅមុខសាលាស្រុកបារាយណ៍ ទាមទារឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជួយរកភាពយុត្តិធម៌ និងទាមទារលុយ១៨០០០ដុល្លារ ដែលអះអាងថា មេឃុំស៊ីដាច់លុយ ដែលបានមកពីលក់ដីរួមរបស់ភូមិចំនួន១២ហិកតា នៅតំបន់វាលក្រោម ។
ការតវ៉ានេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈដែលដីរួមភូមិ ត្រូវបានអាជ្ញាធរឃុំបារាយណ៍ លក់ទៅឲ្យក្រុមហ៊ុនចិន នៅពេលដែលបានលុយនាំគ្នាច្រកចូលហោប៉ៅរៀងខ្លួន តែមិនគិតគូប្រជាពលរដ្ឋ ទើបផ្ទុះរឿងនេះកើតឡើង ។
ប្រជាពលរដ្ឋរស់នៅភូមិអូរសួស្តីបានឲ្យដឹងថា នៅក្នុងឃុំបារាយណ៍មានប្រជាពលរដ្ឋចំនួន១២ភូមិ ក្នុងនោះគឺមានដីរបបរួមភូមិនីមួយៗចំនួន១២ហិកតាស្មើៗគ្នា ហើយដីទាំងនោះត្រូវបានលក់ទៅឲ្យក្រុមហ៊ុនចិន ទាំងអស់គ្នា ហើយនៅក្នុងនោះដីរបបភូមិចំនួន១១ភូមិទៀត បានទទួលលុយអស់ហើយ តែចំណែកភូមិអូរសួស្តី របស់គាត់មិនបានទទួលលុយទេ ហើយប្រជាពលរដ្ឋបានបន្តថា រឿងនេះពួកគាត់បានប្តឹងទៅសាលាខេត្តកំពង់ធំរួចម្តងហើយតែ លោកអភិបាលខេត្តកំពង់ធំ បានចារលិខិតនេះបញ្ជូនឲ្យមកសាលាបារាយណ៍ ដោះស្រាយវិញ បន្ទាន់មកគេបានឃើញលោកមេឃុំបារាយណ៍ ហៅមេភូមិនិងតំណាងប្រជាពលរដ្ឋមកដោះស្រាយថាឲ្យលុយចំនួន៤០០០ដុល្លារ តែប្រជាពលរដ្ឋទាមទារឲ្យបង់លុយគ្រប់ចំនួនទើបយល់ព្រម។
ពាក់ពន្ធ័នឹងបញ្ហានេះដែរ លោកធូរ សេង មេឃុំបារាយណ៍ បានអះអាងថាវាមិនមែនដូចបងប្អូនចោទប្រកាន់នោះទេ! គឺកាលពីដើមឡើយ លោកមេឃុំបានកោះប្រធានភូមិទាំង១២ភូមិ មកប្រជុំបែងចែកដីសម្បទាននោះឲ្យចំនួន១២ហិកតា ក្នុង១ភូមិស្មើគ្នា តែលោកមេភូមិអូរសួស្តីនេះមិនមកទទួលទេ ទើបត្រូវបានភូមិទាំង១១ភូមិនោះទទួលយកហើយក៏លក់ចែកគ្នាទៅ! តែក្រោយមកទើបភូមិសួស្តីទាមទារដីចំនួនមកវិញ៕
មតិយោបល់