ព័ត៌មានជាតិ

សមត្ថកិច្ចអំពាវនាវ​រក​ម្ចាស់​ក្របី​ ​បន្ទាប់ពី​ចាប់​បាន​រថយន្ត​ដឹក​ក្របីរបស់​​ក្រុម​ចោរ

ក្រចេះ: កម្លាំងអធិការដ្ឋា​ន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ​បានធ្វើការ​អំពាវនាវ​ស្វែង​រក​ម្ចាស់​ក្របី ​​ដែល​បានបាត់ ខណៈសមត្ថកិច្ច​តាម​ប្រមាញ់​ ចាប់បាន​រថយន្ត​ដឹក​ក្របី​មួយ​គ្រឿង​ កាលពី​ពាក់​កណ្តាល​អាធ្រាត្រ ​​ថ្ងៃទី​១៧​ ខែតុលា ​ឆ្នាំ២០១៦ នៅ​ចំណុច​លើ​ស្ពាន​បឹង​រៃ ​ស្ថិតក្នុង​ភូមិ​បឹង​រៃ ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ​ខេត្តក្រចេះ។

លោកវរសេនីយ៍ទោ ចាន់ សុ​ផល្លារ អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វបានឲ្យដឹងថា ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត្រ​​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ក្របី​ចំនួន​៨​ក្បាល​ចេញ​ទាំងយប់ពី​ចំណុច​ស្រែ​ខ្ទុ​ម ​ក្នុង​ចន្លោះ​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ​និង​ស្រុក​សំបូរ ​លោកក៏​បាន​ដឹកនាំ​កម្លាំង​តាម​ប្រមាញ់​ និង​បានជូនដំណឹងទៅ​ប៉ុស្តិ៍​រដ្ឋបាល​ជួយ​ធ្វើការ​ទប់ស្កាត់​តាម​ចាប់​រថយន្ត​នោះ។

លោកអធិការ​បន្ត​ថា ខ​ណៈ​កំពុង​តាម​ប្រមាញ់​ពីក្រោយរថយន្ត​នោះ លោក​បានឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចំនួន​៣កន្លែង​ ជួយ​ស្ទាក់​ចាប់​តាំងពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​គរ​ រហូតដល់​ឃុំចំបក់​ តែ​ដោយ​រថយន្ត​នោះ​ធំ​ហើយ​បើក​លឿន​មិន​ព្រម​ឈប់ ​លោក​ក៏​​បញ្ជា​ឲ្យប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សី​កែវ​ស្ទាក់​នៅ​លើ​ស្ពាន​​បឹង​រៃ ​ដោយ​យក​រទេះ​គោ​ទៅ​ដាក់​បិទផ្លូវ​ ទើប​អាច​ចាប់​បាន ដោយ​ក្រុម​ចោរ​ឃើញ​សភាព​មិន​ស្រួល​ក៏​​ឈប់​រថយន្ត​នាំគ្នា​រត់​គេច​ខ្លួនបាត់។

បច្ចុប្បន្ន រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ក្នុង​នោះ​មាន​ក្របី​ចំនួន​៨​ក្បាល​កូន​ពីរ​ក្បាល​ផងដែរ។ លោក​អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តក្រចេះ​ ដែល​បាត់​ក្របី​ កាលពី​យប់​កើតហេតុ​ខាងលើ ​សូម​អញ្ជើញ​ទៅកាន់​អធិការដ្ឋាន​ដើម្បី​ពិនិត្យ ​ប្រសិនបើ​មើល​ឃើញថា​ ពិតជា​របស់​ខ្លួន​សមត្ថ​កិច្ច​នឹង​ប្រគល់​ជូន​​ម្ចាស់​ដើម​វិ​ញ ៕

ឡានដឹងក្របីឡានដឹងក្របីឡានដឹងក្របីឡានដឹងក្របី

មតិយោបល់