ភ្នំពេញៈ ធ្មេចបើកៗនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់គម្រប់មួយខែថ្ងៃកំណើតរបស់កូនស្រីនាងដែលជាដំណក់ឈាមរបស់លោកប៉ែន ចំរ៉ុងនោះហើយ។ យ៉ាងណាមិញ ពិធីចេញខែកូនស្រីជាលក្ខណៈធំដុំស្ថិតក្នុងស្ថានភាព៧០ភាគរយ និង៣០ភាគរយប៉ុណ្ណោះ ដែលមានន័យថាអាចធ្វើដុំ និងអាចអត់ បើទោះជាមានការរំពឹងថានាងនឹងរៀបចំធំដុំខុសពីពិធីចេញខែកូនតូចរបស់គ្រួសារមួយចំនួន។
លោកអ៉ិន អ្នកនាំពាក្យរបស់ភិន សុដាលីស បានអះអាងថានៅថ្ងៃអាទិត្យទី៦ វិច្ឆិកាខាងមុននេះ គ្រួសាររបស់លោកកំពុងគិតថានឹងធ្វើពិធីធំដុំសម្រាប់ចេញខែរបស់ចៅលោកគឺ Katherina ដែលជាកូនស្រីរបស់ភិន សុដាលីស ឬក៏អត់។ លោកថាហេតុផលនៃការសម្រេចមិនទាន់ចេញគឺដោយសារតែអំឡុងពេលនោះ វាត្រូវចំថ្ងៃត្រៀមសម្ពោធរឿង«បណ្ដឹងស្រីទាំង៥»ដែលពិបាកឲ្យលោក និងគ្រួសាររៀបចំពិធីធំដុំបានស្រួល។ លោកថាការកំណត់ដាក់បញ្ចាំងរឿង«បណ្ដឹងស្រីទាំង៥»នៅថ្ងៃទី៧ ខែវិច្ឆិកា គឺជាការកំណត់របស់បណ្ដារោងភាពយន្ត ទើបលោកមិនទាន់ច្បាស់ថាភិន សុដាលីស ដែលមាននាទីជាអ្នកចាត់ចែងរបស់ផលិតកម្មមហាហង្ស តើនឹងមានពេលគិតរឿងធ្វើពិធីចេញខែរបស់ Katherina បានធំដូចការគ្រោងទុកឬយ៉ាងណា។
យ៉ាងណាមិញ លោកថាពិធីចេញខែនៅថ្ងៃទី៦ វិច្ឆិកានោះ បើទោះជាមិនមានទ្រង់ទ្រាយធំដុំ ក៏នឹងមានលក្ខណៈជាការជួបជុំធំមួយពីសំណាក់សមាជិក និងសាច់ញាតិនៅក្នុងគ្រួសារ និងតារាសិល្បៈមួយចំនួនផងដែរ។ លោកនិយាយថា«សម្រាប់ដាលីស និងពួកយើងចង់តែធ្វើចេញខែឲ្យធំទេ តែវាទាស់ត្រង់វាកៀកគ្នានឹងថ្ងៃបញ្ចាំងរឿង«បណ្ដឹងស្រីទាំង៥» ទើបសុំនិយាយត្រឹមតែ៧០-៣០ភាគរយប៉ុណ្ណោះ»។ លោកថា លោកមានបំណងលើកមុខលើកមាត់វត្តមានចៅស្រីនៅក្នុងគ្រួសារទើបប្រហែលជាធ្វើពិធីចេញខែធំដុំច្រើនជាងចេញខែតូចតូចច្រើនជាង ដើម្បីឲ្យមានការជួបជុំតារាសិល្បៈ និងសាច់ញាតិគ្រួសារឲ្យបានសប្បាយរីករាយផង។
ងាកទៅ ភិន សុដាលីស ឯណោះវិញ គេឃើញមានអារម្មណ៍សប្បាយរីករាយ និងសុខភាពកាន់តែប្រសើរឡើង បើទោះជាពេលសម្រាលកូនគឺនាងមានសុខភាពខ្សោយដែលបង្ខំឲ្យនាំ យកទៅពិនិត្យសុខភាពជាញឹកញាប់។ នាងក៏ត្រូវគេឃើញបង្ហោះរូបកូនស្រីស្អាតៗបង្អួតអ្នកគាំទ្រ ដែលធ្វើឲ្យអ្នកណាៗក៏រំលេចអារម្មណ៍គ្រឺតក្នាញ់ចំពោះកូនស្រីរបស់នាងនោះផងដែរ៕
មតិយោបល់