ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានប្រកាសថា ពលករកម្ពុជា៤រូបនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៩ និងថ្ងៃទី២០ បន្ទាប់ពីស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជួយអន្តរាគមន៍។ យោងតាមប្រកាសរបស់ក្រសួងការបទេសបង្ហាញថា៖
១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយអង្គការអន្តរជាតិ ទេសសន្តរប្រវេសន៍(IOM)នៅទីក្រុងហ្សាការតា រៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ៣នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីនៅខេត្តMedan ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ ក្នុងពេលឃាត់ទូកនេសាទបរទេសមួយគ្រឿងដែលបានចូលនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ី។
ពលករខ្មែរទាំង៣នាក់ ដែលមកពីខេត្តព្រៃវែង ទី១ មានឈ្មោះម.ស.ម ទី២ ឈ្មោះ ផ.ភ និងទី៣ ឈ្មោះ អ.ច បានជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ ប្រចាំកំពង់ផែ Belawan ក្នុងខេត្ត Medan។ ក្រោយ ពីមានការស៊ើបអង្កេតរួចមក អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ពួកគេជាជនរងគ្រោះដោយការរត់ ពន្ធមនុស្ស ហើយបានដោះលែង តាមសំណើរបស់ស្ថានទូតកម្ពុជា។
ពលករខ្មែររងគ្រោះទាំង៣នាក់ខាងលើ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH762 ។
២- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី កំពុងរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ឈ្មោះ រ.ល.ម អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ដែលបានទៅប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០១៥ និងធ្វើការស្របច្បាប់នៅរោងចក្រផលិតស្រោមដៃ។ ដោយធ្វើការលំបាកពេក ពលករបាន ស្នើសុំឲ្យស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់លិខិតឆ្លងដែនឲ្យពលករវិញ។
ពលករ រ.ល.ម នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH762៕
មតិយោបល់