ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានធ្វើការប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពអភិរក្សដំរីនៅកម្ពុជា ដែលមានការសហការជាដៃគូរជាមួយអង្គការក្រៅរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា។
ហ្វេសប៊ុកក្រសួងបរិស្ថាន ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក សាយ សំអាល់ បានអនុញ្ញាតឲ្យលោកស្រី ក្លេស ចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការអភិរក្សដំរីខ្មែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
ឆ្លើយតបទៅនឹងសំណូមពររបស់លោកស្រី ក្លេស ចិន្តា ដែលស្នើសុំក្រសួងបរិស្ថាន ជួយគាំទ្រដល់សកម្មភាពអភិរក្សដំរី ទាំងការកំណត់ដែនជម្រកសម្រាប់ដំរី ការបន្តពូជរបស់ដំរី ការបណ្តុះបណ្តាលមរដំរី ការអភិវឌ្ឍគោលដៅទេសចរណ៍ ក៏ដូចជាការស្វែងរកការងារជូនប្រជាសហគមន៍ លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ ដោយបានជំរុញឲ្យក្រុមការងារនៃភាគីទាំងពីរ បន្តធ្វើការជាមួយគ្នា ក្នុងគោលបំណងជំរុញការលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្សដំរីនៅកម្ពុជាជារួម៕
មតិយោបល់