ភ្នំពេញៈ នៅក្នុងខួបគំរប់៦ឆ្នាំនៃដំណើរការវិមានសន្តិភាព ដែលជាកន្លែងធ្វើការរបស់ប្រមុខរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា សម្តេចបានអនុញ្ញាតឲ្យក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ចូលទស្សនៈកិច្ចស្វែងយល់ពីវិមានសន្តិភាពនាព្រឹកថៃ្ង ទី១៩ ខែ តុលា ឆ្នាំ២០១៦។
លោក ដាវ អានសាន សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា “ក្នុងឱកាសខួបគំរប់៦ឆ្នាំនៃដំណើរការវិមានសន្តិភាពជាផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសអនុញ្ញាឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំនូវកម្មវិធីទស្សនៈកិច្ចវិមានសន្តិភាព ជាការផ្តល់ឱកាសដោយផ្ទាល់ដល់សាធារណៈជនទូទៅ ពិសេសគឺយុវជនកម្ពុជាឲ្យមានឱកាសបានមកទស្សនៈកិច្ចដោយផ្ទាល់នូវក្នុងអាគារវមានសន្តិភាព ដើម្បីស្វែងយល់អំពីមុខងារ និងការប្រើប្រាស់វិមានសន្តិភាព ដែលជានិមិត្តរូបនៃវឌ្ឍន៍ភាពសង្គម សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការនាំនូវសន្តិភាព និងការរក្សាតម្លៃនៃសន្តិភាព ក៏ដូចជាជម្រុញទឹកចិត្តយុវជនជំនាន់ក្រោយអំពីភាពជាគម្រូនៃភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការលើកតម្កើងតិត្យានុភាពជាតិ”។
លោក រ៉ា ណារិទ្ធ យុវជនស្ម័គ្រចិត្ត និងអ្នកសម្របសម្រួលមគ្គុទ្ទេសកម្មវិធីទស្សនៈកិច្ចវិមានសន្តិភាពបានឲ្យដឹងថា “អាគារវិមានសន្តិភាពបានសាងសងនូវក្នុងឆ្នាំ២០០៨ ដោយចំណាយពេលសាងសងរយៈពេល១៨ខែ ធ្វើការសាងសងដោយកូនខ្មែរសុទ្ធ និងចរនាបទខ្មែរទាំងស្រុង ហើយអាគារបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវថៃ្ងទី១៩ ខែ តុលា ឆ្នាំ២០១០ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា”។
សូមជម្រាប់ថា កម្មវិធីទស្សនៈកិច្ចវិមានសន្តិភាព មានបើកជូនសាធារណៈជនក្នុងមួយខែម្តង ដើម្បីទស្សនៈស្វែងយល់ពីវិមានសន្តិភាព ប្រសិនបើបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនកម្ពុជាមានបំណងចង់ចូលទស្សនៈកិច្ច សូមទំនាក់ទំនងមកទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តាមយៈទូរស័ព្ទលេខ ០១២ ៦៩៣ ១៦៩៕
មតិយោបល់