ព័ត៌មានជាតិ

ទើបចេញពីទិញថ្នាំញៀនត្រូវជាប់អន្ទាក់សមត្ថកិច្ចទាំង០២នាក់

ភ្នំពេញៈ យុវជន២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងល្បាត ដោយមានការសង្ស័យកម្លាំងហៅឆែកឆេររកឃើញថ្នាំញៀនជាប់ខ្លួនមួយកញ្ចប់ ។

ការចាប់ខ្លួនឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ១១៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ជិន សាបាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ២៤អឺ៤ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញនិងជនសង្ស័យទី២ ឈ្មោះ ស៊ឹម ជ័យ ភេទប្រុស អាយុ៣១ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯវត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាកទឹកកក ១កញ្ចប់តូច ។

មន្ត្រីដដែល បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនយុវជនទាំង២នាក់នេះគឺកម្លាំងបានដាក់គោកដៅដើម្បីពួនស្ទាក់និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងខណៈនោះក៏បានឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្លងកាត់គោលដៅដោយមានការសង្ស័យ ទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ហើយនៅពេលកម្លាំងឆែកឃើញថ្នាំញៀនជាប់ខ្លួនទើបឃាត់ខ្លួនតែម្តង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជិន សាបាន បានឲ្យដឹងថា ថ្នាំញៀននេះពួកគេទិញមករោងចក្រឆ្នាំង ដើម្បីយកមកប្រើប្រាស់ ដោយក្នុងមួយកញ្ចប់តម្លៃ១ម៉ឺនប្រាំពាន់រៀល ។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់