កំពង់ចាមៈ គ្រាប់បែកដៃ៣គ្រាប់ ខ្ចប់ក្នុងថង់ខ្មៅ ដែលគេយកមកផ្លុងចោលនៅមាត់ច្រាំង ជាប់មាត់ព្រែកតាឌួង ចម្ងាយ៧០ម៉ែត្រ នៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ ត្រូវបានប្រជាពលរដ្ឋឈ្មោះ ម៉ី ផល្លី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ បាន ប្រទះឃើញគ្រាប់បែកកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៣ សីហា ២០១៦ ហើយបានរាយការណ៍ដល់សមត្ថកិច្ចឲ្យទៅត្រួតពិនិត្យ។
លោកស្នងការបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់គោលដៅ ធ្វើការពិនិត្យ ហើយឆែកឆេររកឃើញគ្រាប់បែកដៃចំនួនបីគ្រាប់ និងវត្ថុម្យ៉ាងក្នុងស្រោមជ័របិតជិត សង្ស័យសារធាតុផ្ទុះ ច្រកក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅ។ ក្រោយពេលពិនិត្យឃើញបែបនេះ យើងបានដាក់កម្លាំងហ៊ុំព័ទ្ធ និងរាយការណ៍ជូនស៊ីម៉ាក់ (Cmac)។
លុះដល់វេលាម៉ោង៨និង១៥នាទីថ្ងៃទី២៤ សីហា ២០១៦ សមត្ថកិច្ចយើងបានសហការណ៍ជាមួយស៊ីម៉ាក ពិនិត្យឡើងវិញ ឃើញគ្រាប់បែក៣គ្រាប់ (សូវៀត២,ចិន១ គុណ៩៥ភាគរយ) និងក្បាលផ្ទុះ៦០មម ចំនួន២ ផលិតនៅប្រទេសចិន គុណភាព១០០ភាគរយ។ លក្ខណនៃគ្រាប់បែក និងគ្រឿងផ្ទុះខាងលើនេះ មិនមែនដាក់បង្កៃទេ គឺជាការដាក់ផ្លុងចោល នេះតាមការបញ្ជាក់របស់ស៊ីម៉ាក។
បច្ចុប្បន្ននេះ សម្ភារៈគ្រឿងផ្ទុះខាងលើ ត្រូវបានប្រគល់ឲ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ម៉ីនស៊ីម៉ាក ចំណែកសមត្ថកិច្ចយើងបន្តធ្វើការស្រាវជ្រាវករណីនេះ៕
មតិយោបល់