ព័ត៌មានជាតិ

បែកធ្លាយ ខារ៉ាអូខេហង្សមាស លួចបង្កប់សេវាកម្មចែកចាយគ្រឿងញៀន

ព្រៃវែង: យុវជនម្នាក់ រួមនឹងនារីក្មេងម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ មន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានខេត្តព្រៃវែង ចុះធ្វើការឃាត់ខ្លួនពីបទចែកចាយនិងប្រើប្រាស់នូវសារធាតុគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៩ និង៤៦នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់ហាងខារ៉ាអូខេ«យីហោហង្សមាស»ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើកម្លាំងអាវុធហត្ថនៃមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានខេត្តព្រៃវែង
បានបើកការស្រាវជ្រាវ ចុះបង្ក្រាបករណីប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ក្នុងទីតាំងខារ៉ាអូខេខាងលើ ជាក់ស្តែងកម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ រម្យ ភារិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យទី២ឈ្មោះ ជា សាវុន ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបម្រើការនៅក្នុងហាងខារ៉ាអូខេ «យីហោហង្សមាស» មានស្រុកកំណើត នៅភូមិសុណនចៃ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងជនសង្ស័យទី៣ឈ្មោះ អ៊ុង រិទ្ធី ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកធ្វើការនៅហាងខារ៉ាអូខេ «យីហោហង្សមាស» រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។

អាវុធហត្ថបានបន្តទៀតដែរថា ជាក់ស្តែងនៅក្នុងការបង្ក្រាបខាងលើ កម្លាំងបានធ្វើការរឹបអូសដកហូតបាន ម្សៅក្រាម ពណ៌ស ចំនួន១១កញ្ចប់,ទូរស័ព្ទដៃចំនួន៣គ្រឿង, លុយចំនួន ១១០,០០០ រៀល។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថនាំខ្លួនមកកាន់ បញ្ជាការមូលដ្ឋានអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់