ព័ត៌មានជាតិ

លោក ថោង ខុន ៖ ការធ្វើដំណើរតាមរថភ្លើងនៅចិន មានភាពងាយស្រួល ហើយមានតម្លៃថោក

ក្វាងស៊ី: ខណ:ធ្វើដំណើរទៅចូលរួមពិព័រណ៍ទេសចរណ៍ ចិន-អាស៊ាន លើកទី២ នៅទីក្រុងទេសចរណ៍ Guilin ខេត្ត Guanxi រយ:ពេល៣ថ្ងៃនៅប្រទេសចិននេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រតិភូវិស័យ រដ្ឋ-ឯកជន ជិត២០រូប បានសរសើរពីការធ្វើដំណើរតាមរថភ្លើងនៅប្រទេសចិនពិតជាមានភាពងាយស្រួល មានតម្លៃថោកនិងទាន់ចិត្តជាងការធ្វើដំណើរតាមយន្តហោះទៅទៀត។

ក្នុងឱកាសទៅចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន នោះ ប្រតិភូទេសចរណ៍កម្ពុជាបានបន្តដំណើរពីទីក្រុង ក្វាងចូវ ទៅកាន់ទីក្រុង Guilin តាមរថភ្លើងល្បឿនលឿន (CRH -China Railways High speed) ដោយចំណាយពេលវេលាតែជាង២ម៉ោងប៉ុណ្ណោះ ខណ:ដែលការធ្វើដំណើរ តាមយន្តហោះ មានរយ:ពេលហោះហើរខ្លីតែជិត១ម៉ោង ប៉ុន្តែត្រូវរង់ចាំ អស់រយ:ពេល ប្រមាណ៥ម៉ោង ទើបអាចមានជើងហោះតភ្ជាប់។

លោក ថោង ខុន បានឲ្យដឹងថា “នៅប្រទេសចិនបច្ចុប្បន្ន ការធ្វើដំណើរតាមរថភ្លើង តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយ មានការងាយស្រួលច្រើន ថ្លៃធ្វើដំណើរថោក មិនចំណាយពេលវេលាច្រើន ពោលគឺមានភាពងាយស្រួល ជាងការធ្វើដំណើរតាមជើងយន្ដហោះ ដោយចំណាយពេលវេលាតិច និងមានផាសុខភាពទៀតផង”

គួររំលឹកថា ពិព័រណ៍ទេសចរណ៍ ចិន-អាស៊ាន បានរៀបចំឡើងជាលើកទី១ នៅឆ្នាំ២០១៥ (នៅក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន) ហើយឆ្នាំ២០១៦នេះ គឺជាលើកទី២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានផ្តល់កិត្តិយស ជាភ្ញៀវកិត្តិយស (Guest Country Of Honor) ក្នុងការថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងបើកពិពរណ៌ទេសចរណ៍អន្តរជាតិនេះ ក្នុងពេលដែល Brunei ត្រូវបានផ្តល់កិត្តិយសថ្លែងបើកាលពីឆ្នាំ២០១៥៕

photo_2016-10-20_14-34-21

photo_2016-10-20_14-34-24

មតិយោបល់