កណ្តាលៈ ឪពុកម្តាយជិះទូកទៅដោះមង ទុកកូនតូចដេកនៅផ្ទះជាមួយបង២នាក់ ពេលត្រឡប់មកវិញស្រាប់តែបាត់កូនប្រុស ក៏ឆោឡោនាំគ្នាចុះរាវរកស្រាប់ឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកឈ្មោះ ហម ចំណាប់ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ចាប ចន្ធី អាយុ៣៣ឆ្នាំ។ ដោយឡែកក្មេងប្រុសរងគ្រោះ ឈ្មោះ ចំណាប់ សុរក្សា អាយុ១ឆ្នាំ នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅមុនពេលកើតហេតុឪពុកម្តាយកុមារារងគ្រោះបានជិះទូកទៅដោះត្រីមង(ផ្ទះនៅក្នុងទឹក) ខណៈពេលកូនៗ ដេកលក់នៅជាមួយបង២នាក់។ នៅពេលត្រឡប់មកវិញ ស្រាប់តែបាត់កូនប្រុស ក៏មានការឆោឡោ និងនាំគ្នាចុះរាវរកស្រាប់តែឃើញក្មេងរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបច្ចេកទេសចុះទៅធ្វើការត្រួតពិនិត្យសពទើបសន្និដ្ឋានបានថា ក្មេងរងគ្រោះស្លាប់ដោយសារលង់ទឹកពិតមែន។ បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់