កំពង់ចាមៈ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះធ្វើការបង្ក្រាបទីតាំងល្បែងភ្នាល់ចាក់បាល់ខុសច្បាប់១កន្លែង ដែលមានយីហោ៧៩ណេត ២៤ម៉ោង ដកហូតបានសម្ភារៈមួយចំនួនធំ ចំណែកមនុស្សរត់គេចតាមទ្វាខាងក្រោមបាត់អស់ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដែលមានទីតាំងនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
លោកវរសេនីយ៍ឯក ចន់ ហោ នាយរងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងមានការដឹកនាំផ្ទាល់ពីលោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះធ្វើការបង្ក្រាបល្បែងស៊ីសងភ្នាល់ចាក់បាល់តាមអ៊ីនធឺណេត ដែលមានយីហោ៧៩ណេត ២៤ម៉ោង ដោយកន្លែងបើកល្បែងស៊ីសងខុសច្បាប់នេះបានចាក់សោរទ្វាពីខាងមុខ ហើយលួចបើកទទួលអតិថិជនមកលេងល្បែងភ្នាល់តាមទ្វាខាងក្រោយ។
ជាលទ្ធផលក្នុងការបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសបាននូវវត្ថុតាងរួមមាន ប្រាក់ចំនួន៥២១ដុល្លារ, លុយខ្មែរចំនួន១៩១,០០០រៀល, លិខិតអនុញ្ញាតឲ្យបើកអាជីវកម្ម សេវាកម្ម ឈ្មោះលឹម ទ្រី ១សន្លឹក, ម៉ូនីទ័រចំនួន១៣គ្រឿង, ឃីប៊តចំនួន១៣គ្រឿង ,ម៉ៅចំនួន១៣គ្រឿង, សៀវភៅបញ្ជីកត់លុយអតិថិជន៥ក្បាល, ប័ណ្ណដាក់ប្រាក់របស់ធនាគារអេស៊ីលីដាចំនួន៧សន្លឹក, ម៉ូតូចំនួន២គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នសម្ភារៈដែលកម្លាំងរឹបអូសបាន ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំពោះទីតាំងបើកអាជីវកម្ម បង្កប់ល្បែងស៊ីសងខុសច្បាប់ ត្រូវបានចាក់សោរឃ្លុំបេទុកបណ្តោះអាសន្នផងដែរ ៕
មតិយោបល់