ព័ត៌មានជាតិ

រថយន្តដឹកឈើលោតឆត្រមកភ្នំពេញ អស់លក្ខណ៍ជាប់អន្ទាក់មេព្រៃកំពង់ធំ

កំពង់ធំៈ បទល្មើសព្រៃឈើឆ្លងកាត់ខេត្តកំពង់ធំ បានចាប់ផ្តើមកម្រើកសារជាថ្មី ក្នុងការដឹកជញ្ជូនឈើដោយខុសច្បាប់ ប្រភេទឈើធ្នង់ គ្រញូង និងឈើបេង ព្រមទាំងឈើប្រភេទលេខ២ បានធ្វើចរាចរណ៍ចេញពីខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តមមានជ័យ នាំគ្នាសម្រុកដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ទទឹមគ្នានោះដែរ គេកំពុងតែសង្កេតឃើញថា តើ មេព្រៃមានសមត្ថភាពបង្រ្កាបដែរ ឬអត់ ដោយសារតែមានបទល្មើសមួយចំនួនធំ ត្រូវបានគេដឹងថា ត្រូវដងត្រូវផ្លែគ្នាអស់ហើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចមេព្រៃបានឃាត់រថយន្តតាកូម៉ា ពណ៌ស្ករ មួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2263 បានដឹកឈើធ្នង់ ប្រភេទឈើប្រណីត បានដឹកចេញពីខេត្តព្រះវិហារ ស្ទើរតែរិចផ្លូវអស់ហើយ តែពុំដែលត្រូវបានបង្ក្រាបម្តងណាឡើយ ប៉ុន្តែការចាប់នេះ គឺសង្ស័យថា ពុំបានជម្រាបអស់លោកសមត្ថកិច្ចគ្រប់គ្នា ទើបបានជាភ្លាត់ស្នៀត ត្រូវបានជាប់អន្ទាក់។

តៃកុងឡានត្រូវបានសារភាពថា ខ្លួនឈ្មោះ លុយ សុគា អាយុ៣០ឆ្នាំ បានដឹកឈើចេញពីព្រះវិហារ ជាមួយនិងឈ្មោះ សុខ ឈី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានស៊ីឈ្នួលដឹកឈើឲ្យលោក ធី ថៅកែសិប្បកម្ម ហើយដឹកទៅទម្លាក់នៅភ្នំពេញ ប៉ុន្តែលើកនេះមិនដឹងថា យ៉ាងម៉េច បានជាមេព្រៃ ឃាត់រថយន្ត រួចអូសយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងតែម្ដង៕

photo_2016-10-21_10-58-05photo_2016-10-21_10-58-01photo_2016-10-21_10-58-02-2photo_2016-10-21_10-58-02photo_2016-10-21_10-58-03photo_2016-10-21_10-58-04

មតិយោបល់