ព័ត៌មានជាតិ

ទំហំវិនិយោគលើវិស័យសំណង់ ៣ខែដើមឆ្នាំនេះ មាន១៦៤៧លានដុល្លារ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានអះអាងថា គំរោងវិនិយោគផ្នែកសំណង់ ក្នុងរយៈពេល៣ខែ ឆ្នាំ២០១៦នេះ មានចំនួន៤៧៣គំរោងមានផ្ទៃក្រឡា៣,៧លានម៉ែត្រការ៉េ មានទុនវិនិយោគចំនួន១៦៤៧លានដុល្លារអាមេរិក។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលា អន្តរសកម្មមួយ ស្តីពី “ការអភិវឌ្ឍរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិង ដំណោះស្រាយ”កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សណ្ឋាគារអាំងទែកុងទីណង់តាល់។

មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា គំរោងវិនិយោគផ្នែកសំណង់ក្នុងរយៈពេល៣ខែនេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០១៥ កន្លងទៅឃើញថាមានការកើនឡើងដល់ទៅ២៥៧,៥១ភាគរយ។ ភាគច្រើននៃការកើនឡើងសំណង់នេះ គឺ៦៥ទៅ៧០ភាគរយ នៃទុនវិនិយោគគឺនៅរាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការបន្ថែមថា នៅពេលដែលវិស័យសំណង់កើនឡើងក៏មានសម្ពាធជាច្រើនដែរដូចជាតំរូវការហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើងផ្លូវការដឹកជញ្ជួននិងការធ្វើរដំណើរសំរាប់បំពេញ នៃកំណើនទៅលើវិស័យនេះ។ ដោយសារតែវិស័យសំណង់ ចេះតែកើនឡើងបែបនេះ បានជំរុញឲ្យចំនួនប្រជាពលរដ្ឋដែលមករស់នៅតាមទីក្រុងកើនឡើងទៅតាមនោះដែរ។

លោកបញ្ជាក់ទៀតថា កំណើនប្រជាពលរដ្ឋនៅទីក្រុងមានការកើនឡើងគឺពី ២៧,១ភាគរយនៅឆ្នាំ២០០៨ កើនឡើង៣០ភាគរយ ត្រូវជា៤,៥លាននាក់ នៅឆ្នាំ២០១៤ ហើយរំពឹងថានៅឆ្នាំ២០៣០កំណើន ប្រជាពលរដ្ឋ នៅទីក្រុងនឹងកើនដល់៤៤ភាគរយ នៃប្រជាជនសរុបប្រមាណ៧,៩២លាននាក់នៃប្រជាជនកម្ពុជាសរុប១៨លាននាក់នៅឆ្នាំ០៣០៕

Economec2904161 Economec2904162

មតិយោបល់