ព័ត៌មានជាតិ

១០០០ដុល្លារ សម្រាប់អាហារដ្ឋានត្មាត

ភ្នំពេញៈ អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការដៃគូមួយចំនួនទៀត ដែលធ្វើការងារអភិរក្សសត្វស្លាបនៅក្នុងប្រទេសកម្ពុជា បានបង្កើតកន្លែងមួយសម្រាប់ផ្តល់ចំណីដល់សត្វស្លាបមួយប្រភេទដែលស្ទើតែផុតពូជគឺ «អាហារដ្ឋានត្មាត»។ អាហារដ្ឋានត្មាត គឺជាទីកន្លែងមួយដែលគេយកសាកសពសត្វគោ ឬក្របីទៅឲ្យសត្វត្មាតស៊ីជាប្រចាំខែ ដែលក្នុង១ខែគេបានកាប់គោ ឬក្របី ចំនួន២ក្បាលយកទៅឲ្យសត្វត្មាតស៊ីជាចំណី ដើម្បីអភិរក្សអម្បូរសត្វកម្រមួយប្រភេទនេះ ឲ្យរស់នៅគង់វង់ និងមានការកើនឡើង។

នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ លោក ប៊ូ វរៈស័ក្ស មានប្រសាសន៍ថា “យើងបានបង្កើត កន្លែងផ្តល់អាហារដល់សត្វត្មាត ដែលយើងហៅថា អាហារដ្ឋានត្មាត ជាទូទៅក្នុង១ខែ អង្គការជីវិតសត្វស្លាបអន្តរជាតិ ទិញក្របី ឬគោឲ្យត្មាតស៊ីអស់ ២ក្បាល ដោយគិតជាទឹកប្រាក់អស់ប្រហែលជិត១០០០ដុល្លារ ដើម្បីឲ្យត្បាតស៊ីក្នុង១ខែ២ដង”។
លោកបន្តថា ធនធានដ៏កម្រមួយនេះ ជាសក្តានុពលទេសចរណ៍ដ៏សំខាន់ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យមកមើលកំសាន្ត និងជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជានាពេលអនាគត ដែលមានសត្វជិតផុតពូជ ស្រប់ពេលប្រទេសជិតខាងវិនាសអស់ទៅហើយនោះ។
លោកបញ្ជាក់ថា ការងារថែរក្សា ការពារ និងអភិរក្សសត្វទាំងអស់ មិនមែនជាតួនាទីរបស់អង្គការ ឬស្ថាប័នណាមួយនោះទេ គឺទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន អង្គការជំនាញ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាធនធានដ៏កម្រមួយនេះមានជានិរន្តន៍។

សូមបញ្ជាក់ថា សៀមប៉ាងជាស្រុកមួយក្នុងខេត្តស្ទឹងត្រែងដែលមានសត្វត្មាតរស់នៅច្រើនក្នុងចំណោមខេត្តទាំង៥នៃប្រទេសកម្ពុជា។ នៅសៀមប៉ាងមានសត្វត្មាតប្រមាណជា១៣០ក្បាល កំពុងរស់នៅក្រោមការថែរក្សាការពារពីក្រុមអង្គការ ជីវិតសត្វស្លាបអន្តរជាតិ និងអង្គការដៃគូមួយចំនួនទៀត៕

អាហារដ្ឋានត្មាតអាហារដ្ឋានត្មាតអាហារដ្ឋានត្មាតអាហារដ្ឋានត្មាត

មតិយោបល់