ភ្នំពេញៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ វិនិយោគិនជប៉ុនមួយក្រុមចំនួន២៨រូប ដែលដឹកនាំដោយលោក Jun Arii អគ្គនាយក នៃក្រុមហ៊ុន Mitsubishi កម្ពុជា។
គោលបំណង នៃជំនួបនេះ គឺដើម្បីពិភាក្សាអំពី ឱកាសវិនិយោគ ប្រកបដោយសក្កានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ក្រុមគណៈប្រតិភូក៏បានស្នើឲ្យ លោកទេសរដ្ឋមន្រ្តី ផ្តល់អនុសាសន៍ និងមតិយោបល់លើបញ្ហាមួយចំនួនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនក្រុមគណៈប្រតិភូអំពីឱកាសវិនិយោគ និងពាណិជ្ជកម្មដែលមានសក្តានុពល ទាក់ទងនឹងការអភិវឌ្ឍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងបានចង្អុលបង្ហាញអំពីអត្ថប្រយោជន៍ នៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងចង់វិនិយោគលើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ លោកក៏បានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ៕
មតិយោបល់