កំពង់ស្ពឺ : រោងម៉ាស៊ីនប្រភេទរ៉ៃបញ្ឈរ និងផ្ដេក ចំនួន៧គ្រឿង កំពុងតែដាក់បង្កប់ ក្នុងដីក្រុមហ៊ុនវិនិយោគ ដំណាំកសិឧស្សាហកម្ម មួយកន្លែង ដើម្បីធ្វើសកម្មភាពអារបំផ្លិចបំផ្លាញព្រៃ ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សធនធានធម្មជាតិកោះកុង ដោយមានការឃុបឃិតលួចលាក់បាំងភ្នែកថ្នាក់លើ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកពីសំណាក់ស្ថាប័នពាក់ព័ន្ធគ្រប់ជំនាញ។
សេចក្តីរាយការណ៍ដ៏ជាក់លាក់មួយ បានឱ្យដឹងនៅព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦នេះថា ទីតាំងរោងម៉ាស៊ីន អាឈើខុសច្បាប់ចំនួន៧គ្រឿង ត្រូវបានឈ្មួញរកស៊ីធំៗ បានដាក់ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកសិឧស្សាហកម្មដាំអំពៅស្ករ ក្នុងតំបន់ជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានធ្វើសកម្មភាពប្រមាណជាង ៥ខែកន្លងមកហើយ ប៉ុន្តែមិនត្រូវបានបង្ក្រាបពីមន្ត្រីជំនាញទេ ព្រោះពួកគេបានឃុបឃិតគ្នាជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់ខេត្ត ក្នុងការបង់លុយប្រចាំខែឱ្យគ្រប់ស្ថាប័នមានសមត្ថកិច្ច លើកលេងតែស្ថាប័នគ្រូបង្រៀនប៉ុណ្ណោះ។
ប្រភព បន្តថា អ្នកដែលអាច ដាក់ម៉ាស៊ីន អារឈើប្រភេទរ៉ៃនេះ បានភាគច្រើនជាមន្ត្រីយោធា និងថៅកែធំៗ ៥ ទៅ៦នាក់ មានបក្ខពួក និងខ្សែបណ្តាញអ្នកមានឥទ្ធិពល និងអំណាចផងដែរ ។
សមត្ថកិច្ចដែលបានប្រទះឃើញទីតាំងរោងម៉ាស៊ីនអារឈើ ក្នុងក្រុមហ៊ុនចិនដាំអំពៅ ក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ បាននិយាយថា ព្រៃឈើក្នុងតំបន់ការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាលនោះ បណ្តាលមកពីមានការឃុបឃិតគ្នារវាងមន្ត្រីបរិស្ថាន តំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ជាមួយមេការក្រុមហ៊ុនលួចដាក់ម៉ាស៊ីន ក្នុងបរិវេណដីក្រុមហ៊ុន ហើយប្រមូលដឹកឈើពីខាងក្រៅចូលទៅអារ នឹងដឹកចេញមកលក់តាមដេរប៉ូឈើនានា ក្នុងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើពេលដឹកចេញតាមផ្លូវមកទីផ្សារ ។
ប្រភពពីមន្ត្រីយោធាម្នាក់ប្រចាំការ ក្នុងស្រុកឱរ៉ាល់ បានប្រាប់ថា រោងម៉ាស៊ីនអារឈើទាំង ៧គ្រឿងនោះមានម្ចាស់ផ្សេងៗគ្នា ប៉ុន្តែការបោះទីតាំងក្នុងក្រុមហ៊ុនចិននៅតំបន់ជាំ ឃុំតាសាលនោះមានអ្នកចាត់ការទូរម្នាក់ឈ្មោះ រិទ្ធ ជាមេការក្នុងក្រុមហ៊ុនជាអ្នកចាត់ចែងការងារប្រមូលលុយពីម្ចាស់ទីតាំង ដើម្បីបង់លុយប្រចាំខែទៅឱ្យមន្ត្រីជំនាញមានបរិស្ថាន ទាហាន ប៉ូលិស ប៉េអឹម និងស្ថាប័នផ្សេងៗទៀត។
ប្រភព បន្តថា ក្នុងមួយខែៗរោងម៉ាស៊ីទាំងនោះអារឈើបានរាប់ពាន់ម៉ែតគូប ដឹកចេញមកលក់ដាក់ដេរប៉ូធំក្នុងខេត្តកំពង់ស្ពឺ ក្នុងឈើទាំងនោះមួយចំនួនតូចមានច្បាប់អនុញ្ញាត ដឹកជញ្ជូនឈើពីផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ (បានបង់ពន្ធត្រឹមត្រូវ) ប៉ុន្តែភាគច្រើនគ្មានច្បាប់ទេ។
ប្រភព បន្តថា រោងចក្រស្ករសក្នុងតំបន់ជាំបានក្លាយទៅរោងអារឈើផលិតស្ករ អំពៅទៅវិញហើយបើសិនជា នៅតែបណ្តោយ បែបនេះ ព្រៃឈើដែលសេសសល់តិចតួចជាជំរកសត្វព្រៃដែលជិតផុតពូជពិតជារលាយគ្មានសលើឡើយ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ការពារសិទ្ធពលរដ្ឋ និងធនធានធម្មជាតិដែលបានចុះអង្កេតព្រៃឈើក្នុងតំបន់ការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានថ្លែងថា សកម្មភាពបទល្មើសព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ តំបន់កំពង់ស្ពឺ ,ពោធិ៍សាត់ ,កំពង់ឆ្នាំង និងតំបន់គ្រប់គ្រងដោយអង្គការស៊ីអាយ ក្នុងខេត្តកោះកុង បានរងការកាប់បំផ្លាញយ៉ាងរង្គាល ក្នុងក្នុងក្រុមហ៊ុនផលិតស្ករអំពៅ ឈ្មោះហ្គ្រែនហ្វ៊ាល នៅជាំ ឃុំតាសាលមានលួចដាក់ម៉ាស៊ីអារឈើប្រភេទរ៉ៃជិត១០គ្រឿង និងមានសំឡេងម៉ាស៊ីនត្រង់តឺន័រ កាត់ឈើរំពងពេញព្រៃការពារ។
លោក បន្តថា ចំពោះឈើដែលយកមកអារក្នុងរោងម៉ាស៊ីនទាំងនោះ គឺដឹកចេញពីតំបន់ខាងក្រៅចូលក្រុមហ៊ុនដើម្បីបន្លំភ្នែកមហាជនប៉ុណ្ណោះ។
លោក រិទ្ធ ដែលអ្នកចាត់ការទូរទៅលើរោងម៉ាស៊ីរ៉ៃអារឈើខុសច្បាប់ទាំង ៧គ្រឿង ក្នុងដីក្រុមហ៊ុនស្កសរអំពៅហ្គ្រែនហ្វ៊ាលនោះ អ្នកយកព័ត៌មានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទជាច្រើនលើកដើម្បីការបំភ្លឺជុំវិញរឿងអាស្រូវលួចដាក់ម៉ាស៊ីអារឈើខុសច្បាប់ ហើយដឹកឈើពីក្រៅក្រុមមកអារយ៉ាងអានាធិបតេយ្យនេះ ប៉ុន្តែមិនអាចភ្ជាប់ បានឡើយ ។ ដោយឡែកលោក យ៉ង ភារម្យ នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក៏មិនអាចទាក់ទងបានដែរ ហើយហៅទូរស័ព្ទចូលវិញមិនដែលលើកទូរស័ព្ទរបស់ក្រុមអ្នកសារព័ត៌មានដែរ ៕
មតិយោបល់