ព្រះវិហារៈ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត សហការជាមួយកងកម្លាំងប្រដាប់អាវុធ ដោយមានការជួយអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះស្ទាក់ចាប់រថយន្ត១គ្រឿង ដែលលួចដឹកជញ្ជូនឈើប្រណិត(គ្រញូង)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។
ប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហេង រ៉ាវុធ បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និងរថយន្ត១គ្រឿងម៉ាក Toyota Camry ពណ៌ស ពាក់ស្លាកលេខ គ5049 ភព2 ដែលដឹកឈើគ្រាក់ប្រភេទប្រណិត(គ្រញូង)ចំនួន ៧៣ដុំ ត្រូវជា ៣៨៣គីឡូក្រាម ស្មើនឹង ០,៣០៦ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ រីឯជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់