ភ្នំពេញៈ មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីលោកអ៉ិន បានបង្ហោះវីដេអូរិះគន់លោកប៉ែន ចំរ៉ុង កាលពីល្ងាចថ្ងៃទី២២ តុលា ហើយនៅក្នុងវីដេអូរបស់លោក បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃទៅកាន់សិល្បការិនី២ដួង។ បើទោះជាលោកមិនបានបញ្ចេញឈ្មោះតារាទាំងពីរ តែគេអាចដឹងភ្លាមថា លោកចង់សំដៅដល់អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្ដែងឆយី បន្ទាប់ពីអ្នកទាំងពីរបញ្ចេញគំនិតលូកមាត់ក្នុងន័យលើកទឹកចិត្តដល់ប៉ែន ចំរ៉ុង។
ភ្លាមៗបន្ទាប់ពីលោកអ៉ិន បង្ហោះវីដេអូប្រតិកម្មចំពោះតារាទាំងពីរ គេឃើញអ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងឆយី បង្ហោះខ្លឹមសារក្នុងន័យឆ្លើយតបវិញដូចគ្នា ដែលស្ថានភាពនេះកាន់តែធ្វើឲ្យគេមើលឃើញពីការបែកបាក់ចង្កោមតារាសិល្បៈ ជាពិសេសគឺសម្ព័ន្ធភាពរបស់លោកអ៉ិន និងតារាស្រីទាំងពីរ។ លោកអ៉ិន បានសំដៅថារាល់ការផុសឡើងរបស់ចន ច័ន្ទលក្ខិណា និងឆយី គឺការផ្ចាញ់ផ្ចាលឲ្យខ្លួន។ លោកនិយាយថាមកពីតារាទាំងពីរមិនធ្លាប់មានប្អូនស្រី មិនមានម្ដាយជាស្រី និងមិនមានកូនស្រី ដែលទទួលនូវការឈឺចាប់ព្រោះតែត្រូវបុរសម្នាក់ជាន់ឈ្លីបោកប្រាស់ ទើបមិនដឹងពីការឈឺចាប់ ហើយយល់ថាប្រតិកម្មរបស់លោក គឺជារឿងហួសហេតុ។
លោកលើកឡើងបន្ទាប់ពី ចន ច័ន្ទលក្ខិណា និងឆយី សរសេរខ្លឹមសារមួយចំនួនក្នុងន័យទទូចឲ្យបញ្ចប់ការរុករានដល់លោកប៉ែន ចំរ៉ុង និងបានComment ក្នុងន័យកាន់ជើងលោកប៉ែន ចំរ៉ុង តែម្ខាងក្នុងរឿងជម្លោះនេះ។ ក្រោយប្រតិកម្មរបស់លោកអ៉ិន ក្នុងវីដេអូឃ្លីប អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ត្រូវគេឃើញសរសេរថា«វាទាល់តែប៉ះសាច់ឯងបានដឹងថាឈឺប៉ុណ្ណា ស្គាល់រសជាតិឈឺឬនៅ? កាលធ្វើដាក់ខ្ញុំមានដឹងអត់ថាខ្ញុំឈឺ និយាយបំផ្លើសពីខ្ញុំទាំងមិនសូវបានជួប នៅមុខខ្ញុំគឺខ្ញុំល្អ នៅមុខគេគឺខ្ញុំអាក្រក់ មិនដែលមានបញ្ហានិងខ្ញុំផងនៅបំផ្លើស តើខ្ញុំតឹងទ្រូងប៉ុណ្ណាដែលខ្ញុំដឹងថាអ្នកនិយាយអាក្រក់ពីខ្ញុំក្រោយខ្នងហើយពេលជួបមុខអ្នកខ្ញុំត្រូវបង្ខំចិត្តសើចរាក់ទាក់ដាក់អ្នកធ្វើដូចមិនដឹងរឿង? មិនមែនចំអក ឬក៏សងសឹកទេ ខ្ញុំមិនដែលចងគំនុំនឹងអ្នកដែរ ព្រោះខ្ញុំស្គាល់សណ្តាននៃមាត់អត់គំរបរបស់អ្នក តែគួរកុំឲ្យតែខ្លួនឯងធ្វើគឺត្រូវទាំងអស់ពេក កុំស្មានគេមិនដឹងពីទង្វើរបស់យើង គ្រាន់តែគេមិននិយាយ កម្មមិនចាំជាតិទេ ល្មមដឹងខ្លួនហើយ»។
អ្នកនាងឆយី ក៏បានសរសេរថាក្នុងន័យឌឺដងដល់ប្រតិកម្មរបស់លោកអ៉ិន បន្ទាប់ពីលោកអ៉ិនធ្វើការរិះគន់។ ក្រៅពីតារាស្រីទាំងពីរ គេក៏ឃើញតារាសិល្បៈមួយចំនួនរួមមានលោក គួច ខេវិនជាដើម សរសេររិះគន់ចំពោះទង្វើលោកអ៉ិន ផងដែរ បើទោះជាលោកមិនបានបញ្ចេញឈ្មោះ។ ប៉ុន្តែមកកពីលោកអ៉ិន មិនបានប្រតិកម្ម និងមានការរិះគន់សំដៅតែលើអ្នកនាងចន ច័ន្ទលក្ខិណា និងឆយី ទើបគេចាត់ទុកថាជម្លោះនេះទើបតែរាលដាលដល់អ្នកទាំងពីរនៅឡើយ។
អ្នកតាមដានពីការរីករាលដាលនៃជម្លោះរវាងលោកអ៉ិន និងតារាទាំងពីរដួង សុទ្ធតែមើលឃើញថាភាគីទាំង៣បានក្លាយជាអ្នកស្ថិតក្នុងក្រុមសិល្បៈដែលមើលមុខគ្នាលែងចំហើយ បន្ទាប់ពីការបង្ហោះសារ និងការសំដៅចំរបស់លោកអ៉ិន ក្នុងវីដេអូឃ្លីប។ សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា និងឆយី ត្រូវគេឃើញភាគីដែលកាន់ជើងភិន សុដាលីស និងលោកអ៉ិន បោះពាក្យសម្ដីធ្ងន់ៗ បណ្ដាលឲ្យកើតសំណេរជេរប្រទិចគ្នា យ៉ាងស្រួចស្រាលនោះផង។
អ្នកនាងចន ច័ន្ទលក្ខិណា បានឆ្លើយនៅក្នុងគណនីផ្ទាល់ខ្លួនថា អ្នកនាងមិនបានសំដៅដល់ការលូកមាត់លូកករចំពោះលោក ប៉ែន ចំរ៉ុង និងលោក អ៉ិន នោះទេ គឺអ្នកនាងនិយាយជារួមប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថានឹងឈប់ឲ្យយោបល់បន្តទៀត ដើម្បីកុំឲ្យភាគីលោកអ៉ិន លើកដាក់ខ្លួន។ ដោយឡែកខាងឆយីវិញ គេឃើញនាងលុបចោលសំណេរតបតនឹងវីដេអូឃ្លីបរបស់លោកអ៉ិន ក្រោយពីមានអ្នក Comment វាយបកធ្ងន់ៗ៕
https://youtu.be/i_wq4tj9SMk
មតិយោបល់