ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចចោទប្រកាន់ និងសម្រេចឃុំខ្លួន បុរសជនជាតិវៀតណាម៣នាក់ ដែលបានលួចឆ្លងដែនចូលមកកម្ពុជា និងស្នាក់នៅដោយខុសច្បាប់ ព្រមទាំងក្លែងបន្លំឯកសារប្រើប្រាស់សាធារណៈ។
បើតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលានេះថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ ០៣នាក់ គឺឈ្មោះ ង្វៀន វ៉ាន់ធិក អាយុ ២៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងឈើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ហើយជននេះ ត្រូវបានដាក់ឲ្យក្រោមការពីនិត្យបទ ប្រើប្រាស់ឯកសារប័ណ្ណសំគាល់ការស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះផ្សេងពីឈ្មោះរបស់ខ្លួន និងលួចចូលមកកម្ពុជាដោយគ្មានការអនុញ្ញាត។
ដោយឡែកជនសង្ស័យពីរនាក់ទៀតឈ្មោះង្វៀង យ៉ាំងម៉ៅ អាយុ៤១ឆ្នាំ មុខរបរជាងតុទូ និងទី៣-ឈ្មោះ ឡេ យ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ មុខរបរ ជាម្ចាស់សិប្បកម្មធ្វើទូ និងជាមេខ្លោងក្លែងក្លាយឯកសារបង្កាន់ដៃ ត្រួតពិនិត្យជនបរទេស (អ3) អន្តោប្រវេសន៍។
ជាមួយគ្នានោះដែរ តុលាការក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ង្វៀន វ៉ាន់ធិក ភេទប្រុស អាយុ ២៧ឆ្នាំ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ម១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ទី២ ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ម១ ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ និងទី៣ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕
មតិយោបល់