កំពង់ចាមៈ បុរសវ័យ៣០ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយស្នងការដ្ឋានខេត្តកំពង់ធំ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំនុចស្ពានស្ទឹងសែនខេត្តកំពង់ធំ។ ផ្អែកតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក សែត វិសិដ្ឋមុន្នី ចៅក្រមស៊ើបសួរតុលាការខេត្តកំពង់ចាម ពីបទឆរបោកលុយជាង១ម៉ឺនដុល្លា។
លោកឧត្តមសេនីយត្រី កែខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ឈន តាំងអ៊ី ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិ ក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួនពីបទរំលោភសេចក្តីទុកចិត្ត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នៅភូមិទី៤ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយបុរសម្នាក់នេះត្រូវបានតុលាការខេត្តកំពង់ធំ ចេញដីកាកោះហៅចំនួន២ដងមកហើយពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃអត់ច្បាប់ ដែលបានប្រព្រឹត្តទៅពេលថ្មីៗជិត២ខែនៅក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ហើយបានគេចខ្លួនបាត់។ តែមកដល់ថ្ងៃទី២២តុលា គេបានប្រទះឃើញបុរសម្នាក់នេះបាននាំក្រុមកីឡាករទូកងមកចូលរួមប្រណាំង ក៏ត្រូវបានកម្លាំងនគរបាលទាំង២ខេត្តសហការគ្នាចាប់យកទៅសាកសួរនៅស្នងការដ្ឋានខេត្តកំពង់ធំ ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅខេត្តកំពង់ចាម បន្តនិតិវិធីតាមផ្លូវច្បាប់។
បើយោងតាមម្ចាស់បណ្តឹងបានប្រាប់ថា ជនឆរបោកម្នាក់នេះធ្លាប់បានធ្វើកិច្ចសន្យាសងលុយនូវចំពោះមុខតុលាការខេត្តកំពង់ធំរួចម្តងមកហើយ តែដល់ថ្ងៃសងលុយជនម្នាក់នេះមិនបានសងទេ បែរជាគេចខ្លួនទៅវិញ បានត្រឹមសន្យាខ្យល់ ទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តកំពង់ចាមម្តងទៀតហើយលោកចៅក្រមសែតវិសិដ្ឋមុន្នី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើកទី៣នៅថ្ងៃទី៥មករាឆ្នាំ២០១៦!តែជននេះគេចខ្លួនទើបអស់ដល់ថ្ងៃនេះ។
នៅមុខសមត្ថកិច្ចបុរសម្នាក់នេះបានប្រាប់ថាខ្លួនគេពិតជាបានជំពាក់ប្រាក់ម្ចាស់បណ្តឹងនេះមែន ព្រោះគេពុំទាន់រកលុយបានសង ពាក់ព័ន្ធនឹងការទិញដី ស៊ីឈ្នួលឈូសឆាយដីព្រៃ។ សូមបញ្ជាក់ថាបុរសឆរបោក ឈ្មោះឈនតាំងអ៊ី នេះជាមន្ត្រីសាលាស្រុកប្រាសាទសំបូរ៕
https://youtu.be/_Rfj-qrBGGw
មតិយោបល់