ព័ត៌មានជាតិ

រថយន្តហ៊ីណូក្រុមហ៊ុនពេជ្រ បើកបុករថយន្តចតស្ងៀម២គ្រឿង មនុស្ស២នាក់របួសធ្ងន់

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហ៊ីណូ របស់ក្រុមហ៊ុនពេជ្រ បានបើកទៅបុករថយន្ត២គ្រឿងដែលកំពុងឈប់ស្ងៀមពេញទំហឹង បណ្តាលឲ្យមានមួយគ្រឿងក្រឡាប់ធ្លាក់ចូលទឹក ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ម្តុំភូមិស្វាយសរ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកហ៊ីណូ របស់ក្រុមហ៊ុនពេជ្រ មានឈ្មោះ ចេត សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិចានិត ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(ជាអ្នកបើកបររថយន្ត)និងព្រូម្នាក់ទៀតមានឈ្មោះ ធូក ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយនឹងបុរសខាងលើ (រងរបួសធ្ងន់) ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកម្ចាស់រថយន្តហ្វុយហ្សូ មានឈ្មោះ ភាព អាយុ៤២ឆ្នាំជាអ្នកបើក រថយន្ត ស្នាក់នៅភ្នំពេញ និងព្រូម្នាក់ទៀតមានឈ្មោះ ឈុត ឃីត អាយុ២៣ឆ្នាំ រស់នៅភូមិព្រែព្រៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង(រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់) ។ និងម្ចាស់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ទី៣ឈ្មោះ ផ្លោក ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0742 ដែលជារថយន្តរបស់ក្រុមហ៊ុនពេជ្រ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងព្រូរថយន្តម្នាក់ទៀត ក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វុយហ្សូ ពណ៌ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងព្រូរថយន្តម្នាក់ទៀតដែលកំពុងឈប់រថយន្តនៅចិញ្ចើមថ្នល់ខាងត្បូង ក្នុងទិសដៅស្របទិសគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យព្រូរថយន្តទាំង២នាក់ រងរបួសធ្ងន់រៀងៗខ្លួន រួចរថយន្តមិនទាន់អស់ល្បឿនបានរុញផ្ទប់រថយន្តខាងលើ ទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 3A-1767 បន្តទៀតបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលព្រែករងការខូចខាតយ៉ាងដំណំ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយករថយន្តទាំង៣គ្រឿង ខាងលើ យកទៅរក្សាដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់