ត្បូងឃ្មុំៈ ដីព្រៃលិចទឹកជាជម្រកត្រីពងកូន ស្ថិតក្នុងភូមិសាស្រ្ត ឃុំទន្លេបិទ ឃុំជីរោទិ៍១ ឃុំជីរោទិ៍២ និងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមឈ្មួញ និងប្រជាពលរដ្ឋកាប់រានឈូសឆាយយកធ្វើជាកម្មសិទ្ធិ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាមានវិធានការទប់ស្កាត់ឡើយ ខណៈប្រជាជនមួយចំនួន ដែលអាស្រ័យផលនឹងព្រៃលិចទឹកតំបន់ខាងលើនេះ បានត្រឹមតែសោកស្តាយ។
សកម្មភាពកាប់ទន្ទ្រាននេះ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិទួលពន្លៃ ឃុំជីរោទិ៍២ រៀបរាប់ឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋខ្លះបានលួចកាប់ព្រៃលិចទឹកទាំងនោះយកដីធ្វើស្រែ តែមួយចំនួនធំត្រូវបានអាជ្ញាធរមូលដ្ឋានហាមឃាត់ ប៉ុន្តែរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ស្រាប់តែមានក្រុមឈ្មួញយកគ្រឿងចក្រមកឈូសឆាយយ៉ាងគគ្រឹកគគ្រេង យកធ្វើជាកម្មសិទ្ធិ ដោយគ្មានអាជ្ញាធរណាអន្តរាគមន៍បង្ក្រាបឡើយ។
ជាមួយគ្នានោះប្រជាពលរដ្ឋដែលរស់នៅភូមិជ្រោយគរ ឃុំជីរោទិ៍២ និងភូមិពើក ឃុំថ្មពេជ្រ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ដីព្រៃលេចទឹកដែលពួកគាត់អាស្រ័យផល ត្រូវគេឈូសឆាយអស់គ្មានសល់នោះទេ ហើយអ្នកដែលឈូសឆាយមានទាំងអ្នកភូមិ និងក្រុមឈ្មួញមកពីក្រៅ ដោយប្រើគ្រឿងចក្រចូលឈូសឆាយទាំងយប់ ទាំងថ្ងៃ ហើយមានអ្នកភូមិស្គាល់ទីតាំងច្បាស់ ជាអ្នកមើលការខុសត្រូវ។
ជុំវិញបញ្ហានេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំ និងវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលលេខ ០៥ សរណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានទទួលស្គាល់ថាពិតជាមានការរំលោភកាប់ទន្ទ្រានយកដីព្រៃលេចទឹក ក្នុងភូមិសាស្ត្រខាងលើធ្វើជាកម្មសិទ្ធិ ប្រើប្រាសដោយខុសច្បាប់ ប្រាកដមែន។ តែយ៉ាងណាឯកឧត្តម បានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះសិក្សាដោះស្រាយដើម្បីរួមគ្នាការពារអភិរក្សសម្រាប់ជាជម្រកត្រីពងកូន និងសម្រាប់ជាប្រយោជន៍រួមដល់ប្រជាជនរស់នៅអាស្រ័យផលក្នុងតំបន់នោះ។ ការដាក់បទបញ្ជានេះមិនដឹងថា តើមន្ត្រីជំនាញ និងអាជ្ញាធរខេត្តត្បូងឃ្មុំ មានវិធានការផ្លូវច្បាប់ទៅលើក្រុមឈ្មួញ ដែលបានឈូសឆាយដីព្រៃលិចទឹកទាំងនោះ ឬមួយយ៉ាងណានោះទេ។
ប្រជាពលរដ្ឋមួយចំនួនសង្ឃឹមថា ក្រុមមន្ត្រីជំនាញមិនមែន ចុះមកវាស់វែងដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ដល់អ្នកឈូសឆាយដីព្រៃលិចទឹកទាំងនោះនោះទេ។ ដោយសង្ឃឹមថាមន្ត្រីជំនាញ និងមានវិធានការផ្លូវច្បាប់ដកហូតយកដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នាផងដែរ៕
មតិយោបល់