ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌ៧មករា ដែលដាក់កម្លាំងត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍ជើងគោក ធ្វើការចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចគោលដៅត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍ជើងគោក តាមបណ្តោយផ្លូវ១៦៩ ទល់មុខសាលាបាក់ទូក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ សាក់ មុនី ភេទប្រុស អាយុ១៩ មុខរបរដើរអកកេសជាមួយឪពុក ស្នាក់នៅម្ដុំសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជនសង្ស័យទី២ឈ្មោះ ម៉ៅ សុថា អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០វិទ្យាល័យឥន្ទ្រាទេវី ស្នាក់នៅ ម្ដុំសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ភ្នំពេញ1FL-0586 ដែលជនសង្ស័យជិះធ្វើសកម្មភាព រួមនិងកាបូបដៃរបស់ជនរងគ្រោះឈ្មោះ ហ៊ុន សុថារី អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះម្ដុំព្រែកលាភ សង្កាត់ជ្រោយចង្វារ ខណ្ឌជោយចង្វារ រួមដំណើរជាមួយនិងកូនតូចៗ២នាក់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ឌុបកូនតូចៗ២នាក់នៅលើម៉ូតូដោយបានដាក់កាបូបដៃនៅឃ្លុបម៉ូតូផ្នែកខាងមុខ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ភ្នំពេញ1FL-0586 ឌុបគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីរងគ្រោះដែលបានដាក់ក្នុងឃ្លុបម៉ូតូផ្នែកខាងមុខបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ធ្វើឲ្យជនសង្ស័យភ័យបើកម៉ូតូគេចខ្លួនចូលចំកន្លែងដែលសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ៧មករា កំពុងដាក់កម្លាំងត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវ១៦៩ ទល់មុខសាលាបាក់ទូក បានឃើញក៏ធ្វើការស្ទាក់ចាប់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/4a-wclLYnKc
មតិយោបល់