ព័ត៌មានជាតិ

កាត់ទោសលោក ស៊ុត ឌីណា នៅដើមខែក្រោយ

ភ្នំពេញៈ ក្រោយជាប់ឃុំបណ្តោះអាសន្នជាងកន្លះឆ្នាំមក លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការសម្រេចកំណត់ពេលបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ ពាក់ព័ន្ធសំណុំរឿងពុករលួយ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងក្រុងភ្នំពេញ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ សវនាការលើសំណុំរឿងលោក ស៊ុត ឌីណា មានសមាភាពជំនុំជម្រះដូចខាងក្រោម ៖

១ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សា

២ លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមប្រឹក្សា

៣ លោក ឃី ឆៃ ចៅក្រមប្រឹក្សា

៤ លោក សៀង សុខ តំណាងអយ្យការ

គួររំលឹកថា លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានលោក លាង សំណាត់ ចៅក្រមស៊ើបសួរលោកនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ក្រោយពីលោកត្រូវបាន លោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស ទី១បទ កេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងទី២បទ រំលោភអំណាច យោងតាមមាត្រា៣៥ ច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ។

ក្រោយមក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានមានប្រសាសន៍ថា ACU នឹងបន្តសាកសួរលោក ស៊ុត ឌីណា នៅពន្ធនាគារទៀត បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើសន្និសីទកាសែត ជុំវិញសំណុំរឿងចាប់ខ្លួន លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ដើម្បីបង្ហាញភស្តុតាង ឯកសារពាក់ព័ន្ធនឹងបណ្តឹងលោក ស៊ុត ឌីណា អំពីអំពើពុកលួយលុយរាប់លានដុល្លារ និងមាសរាប់សិបគីឡូនោះ ហើយនៅល្ងាចថ្ងៃដដែលនោះ លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្ន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងការបំភ្លឺរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានឱ្យដឹងថា លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបាន ACU រកឃើញថា មានលុយសុទ្ធប្រមាណ ៧,២លានដុល្លារអាមេរិក មានមាស ១២,៧៤គីឡូក្រាម មានផ្ទះវីឡា ២កន្លែង មានដីជាង១០កន្លែង មានលុយក្នុងធានាគារមួយចំនួនធំទៀត៕

photo_2016-10-25_15-15-54photo_2016-10-25_15-15-50

មតិយោបល់