ភ្នំពេញៈ ក្នុងវេទិកាសាធារណៈមួយ ដែលបានធ្វើឡើងនៅអគារម៉ូឌែន២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី២៥ តុលា ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ ចំពោះក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ដំឡើងថ្លៃប្រមូលសំរាមស្រេចតែចិត្ត។
ប្រជាពលរដ្ឋលើកឡើងថា ជាធម្មតា និងច្រើនខែច្រើនឆ្នាំមកហើយ ក្នុងវិក្កយបត្រភ្លើងរបស់ក្រុមហ៊ុន តម្លែសេវាប្រមូលសំរាមមានតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែនៅប៉ុន្មានខែនេះក៏ស្រាប់តែតម្លៃសំរាមបានឡើងដល់១៥ដុល្លារ ដែលធ្វើឲ្យពួកកាត់មិនអាចទទួលយកបាន។ ប្រជាពលរដ្ឋបានបន្តទៀតថា ក្រោយពីមានការដំឡើងថ្លៃសម្រាមស្រេចតែចិត្តនេះហើយ ពួកគាត់ក៏បានធ្វើការតវ៉ាទៅក្រុមហ៊ុន ប្រមូលសំរាម ស៊ីន ទ្រី នេះផងដែរ ប៉ុន្តែតម្លៃ១៥ដុល្លារ ក្នុងមួយខែនោះ នៅតែដដែល។ លើបញ្ហាមិនប្រក្រតីនេះពួកគាត់ស្នើសុំយ៉ាងទទូច សូមឲ្យអាជ្ញាធររាជធានីភ្នំពេញមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង មិនអាចដំឡើងថ្លៃស្រេចតែចិត្តបែបនេះទេ ពួកគាត់មិនអាចទទួលយកបានឡើយ។
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនោះ បានមានប្រសាសន៍ ជំរុញឲ្យក្រុមហ៊ុន ស៊ីន ទ្រី សហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ប្រមូលសម្រាមឲ្យបានល្អប្រសើរ និងគោរពពេលវេលា មិនត្រូវបន្តឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋរហូតនោះទេ ។ ចំពោះការដំឡើងតម្លៃប្រមូលសំរាមពី១ដុល្លាររហូតដល់១៥ដុល្លារនោះ លោកបានស្នើឲ្យតំណាងក្រុមហ៊ុន ដែលបានចូលរួមក្នុងវេទិកានោះ នាំការប្រតិកម្មរបស់ប្រជាពលរដ្ឋទៅប្រាប់ក្រុមហ៊ុន ហើយក្រុមហ៊ុនត្រូវដោះស្រាយឲ្យបានល្អជាមួយប្រជាពលរដ្ឋ។
តំណាងឲ្យប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី មុំ សណ្តាប់ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានវេទិកាសាធារណៈនេះឡើង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទាំងអស់បានលើកឡើងពីមតិ យោបល់ ពីភាពអសកម្មនានានៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចបានដឹង នឹងបានជួយដល់ប្រជាពលរដ្ឋចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍រវាងក្រុមប្រឹក្សា សង្កាត់ ខណ្ឌផងដែរ ដើម្បីយកបទពិសោធន៍ទាំងនោះទៅអនុវត្តឲ្យបានជោគជ័យ។ លោកស្រីបន្តថា ការបង្កើតវេទិការនេះឡើង ដើម្បីឲ្យអាជ្ញាធរ ក្រុងក៏ដូចជាអាជ្ញាធរខណ្ឌបានបង្ហាញពីស្នាដៃ ក៏ដូចជាសមិទ្ធផលនានា ដែលបានអនុវត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់រយៈពេលមួយឆ្នាំកន្លងមក។
គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាសាធារណៈនោះមានប្រជាពលរដ្ឋ ក៏ដូចជាតំណាងប្រជាពលរដ្ឋបានលើឡើងបញ្ហា និងសំណូមពរជាច្រើន ដើម្បីឲ្យអាជ្ញាធររាជរាជធានីជួយអន្តរាគមន៍ ក្នុងនោះមានទាំងការស្នើសុំឲ្យជួយ ដោះស្រាយលើបញ្ហាដែលក្រុមហ៊ុនបុរី៩៩៩ របស់លោកឧកញ្ញា ថោង សារ៉ាត់ រំលោភយកដីរបស់វត្តចាក់អង្រែក្រោម ការរំលោភយកដីរបងវត្តស្ទឹងមានជ័យជាដើម ។ ក្រៅពីនេះក៏បានការស្នើសុំការជួសជុលផ្លូវ លូ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈ ការស្នើឲ្យមានការរៀបចំសណ្តាប់ធ្នាប់កន្លែង ដេប៉ូលក់ខ្សាច់ ដេប៉ូឈើ និងការយកចិញ្ចើមផ្លូវលក់ដូរជាដើម។
ជុំវិញការស្នើសុំខាងលើនេះ ក្នុងនាមអាជ្ញាធររាជធានីនិងខណ្ឌសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ បើទោះបីរឿងរ៉ាវមួយចំនួនបានទៅដល់ស្ថាប័នតុលាការហើយនោះ៕
មតិយោបល់